(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០នេះ បានរៀបចំពិធីចាប់ផ្តើមជាផ្លូវការរបស់គម្រោង GREENCAP នៅសាលសន្និសីទអគារ G។

គម្រោង GREENCAP (Enhancing green capability in HEI to foster sustainable development in Cambodia) គឺជាគម្រោងដែលបង្កើតឡើងក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យចំនួន៤ នៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យចំនួន ៣ នៃសហភាពអឺរ៉ុប ដោយទទួលបានថវិកាពីកម្មវិធី Erasmus+ របស់សហគមន៍អឺរ៉ុប។ គម្រោង GREENCAP មានរយៈពេលបីឆ្នាំ ហើយមានគោលដៅគំាទ្រដល់ការកសាងសមត្ថភាពក្នុងប្រទេសកម្ពុជា ដោយផ្តោតជាចំបងទៅលើការជំរុញសមត្ថភាពនៅតាមសាកលវិទ្យាល័យ ក្នុងវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព។

សាកលវិទ្យាល័យទាំង៤ នៃព្រះរាជាណាចក្រកម្ពុជារួមមាន៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច, សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកលវិទ្យាល័យបាត់ដំបង, និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ចំណែកខាងដៃគូរពីសហភាពអឺរ៉ុបរួមមាន៖ សាកលវិទ្យាល័យណង់ (ប្រទេសបារាំង), សាកលវិទ្យាល័យសៅធឺនដាណឺម៉ាក (ប្រទេសដាណឺម៉ាក), និងសាកលវិទ្យាល័យវីហ្គោ (ប្រទេសអេស្បាញ)។

គោលបំណងសំខាន់ចំនួនពីរ របស់គម្រោង GREENCAP រួមមាន៖
*ទីមួយ៖ លើកកម្ពស់ការយល់ដឹងរបស់និស្សិតទៅលើធុរៈកិច្ចបៃតង
*ទីពីរ៖ ធ្វើឲ្យប្រសើរឡើងនូវអាជីពរបស់និស្សិតដែលធ្វើការក្នុងវិស័យបៃតង នាពេលបច្ចុប្បន្ន និងអនាគត។

ជាការពិតណាស់ ចរន្តនៃការឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតងត្រូវបានគេទទួលស្គាល់ជាទូទៅ ហើយចរន្តនេះតម្រូវ ឲ្យមានការផ្លាស់ប្តូរក្នុងជំនាញ និងអាជីពនានាក្នុងសង្គម។ វិថីដែលនាំទៅរកសេដ្ឋកិច្ចបៃតង ត្រូវរាប់បញ្ចូលការវិវត្តន៍ក្នុងជំនាញ និងអាជីព ដែលទាមទារជាចំាបាច់នូវកិច្ចសហការរវាង គ្រឹះស្ថានឧត្តមសិក្សា និងវិស័យសេដ្ឋកិច្ច និងសង្គម។

កិច្ចសហការនេះអាចមានបញ្ចូល ៤ចំណុចរួមមាន៖
*ក) ការអភិវឌ្ឍន៍កម្មវិធីសិក្សា និងការស្រាវជ្រាវ ដែលផ្សារភ្ជាប់ទៅនឹងការអនុវត្តជាក់ស្តែង ដើម្បីឲ្យសាកលវិទ្យាល័យអាចបង្កើតធនធានមនុស្សដែលមានជំនាញក្នុងវិស័យបៃតង ហើយដែលឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យសេដ្ឋកិច្ច។
*ខ) បង្កើតមុខវិជ្ជាសិក្សា និងសញ្ញាបត្រ (បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់) ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចបៃតងដែលកំពុងកើនឡើង ដោយហេតុថាការធ្វើទំនើបកម្ម និងភាវូបនីយកម្ម កម្មវិធីសិក្សាគឺជាតម្រូវការបន្ទាន់ ដើម្បីសម្រេចឲ្យបានជោគជ័យនូវផែនការយុទ្ធសាស្រ្តទាក់ទងនឹងបរិស្ថាន របស់រាជរដ្ឋាភិបាលកម្ពុជា។
*គ) បង្កើតឲ្យមានពិព័រណ៍ការងារ និងមជ្ឍមណ្ឌលមុខរបរដែលផ្តោតទៅលើអាជីពការងារក្នុងវិស័យបៃតង។
*ង) ជំរុញកិច្ចពិភាក្សា រវាងវិស័យសេដ្ឋកិច្ច និងគ្រឹះស្ថានឧត្តមសិក្សាតាមរយៈ ការរៀបចំសន្និសីទនានាទាក់ទងនឹងធុរៈកិច្ចបៃតង៕