(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្ត នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានប្រាប់ដល់អាជ្ញាធរ ត្រូវកំណត់តំបន់ទីតាំង អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ត្រូវដាក់ឲ្យឆ្ងាយពីសាលារៀន។

ការលើកឡើងបែបនេះបានធ្វើឡើងក្នុងឱកាសដែរលោក តូច ប៉ូលីវ៉ា តំណាងលោកអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីរៀបចំកំណត់តំបន់ទីតាំងអាជីវកម្ម មណ្ឌលកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ។

ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកស្នងការរង នគរបាលខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលរង ក្រុងស្វាយរៀង លោកស្រីអភិបាលរងក្រុងបាវិត លោកប្រធានមន្ទីទេសចរណ៍ខេត្ត លោកអនុប្រធានមន្ទីរបរិស្ថានខេត្ត លោកនាយកទីចាត់សាលាទាំង២ តំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។

លោក តូច ប៉ូលីវ៉ា បានលើកឡើងថា ដោយយោងទៅលើអនុក្រឹត្យលេខ ១៩១ អនក្រលក ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ស្ដីពីការគ្របគ្រងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ការកំណត់ទីតាំងធ្វើសកម្មភាព របស់មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងមានទីតាំងសមរម្យ និងសមស្របតាមប្រភេទអាជីវកម្មនីមួយៗ ដូចខាងក្រោម៖

*ទី១៖ មានចម្ងាយយ៉ាងតិច២០០ម៉ែត្រ ពីបរិវេណក្រសួង ស្ថាប័ន គ្រឹះស្ថាន រដ្ឋបាល សាធារណៈ ស្ថានទូត មន្ទីពេទ្យ សាលារៀន ទីតាំងសាសនា ប្រាង្គប្រាសាទ ទីតាំង បេតិភណ្ឌវប្បធម៍
*ទី២៖ មិនបង្កការរំខានដល់ក្រសួងស្ថាប័ន គ្រឹះស្ថានរដ្ឋបាលសាធារណ ស្ថានទូត មន្ទីពេទ្យ សាលារៀន ទីតាំងសាសនា ប្រាង្គប្រាសាទ ទីតាំងវប្បធម៍។ ធានារក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណ អនាម័យ និងបរិស្ថាន ឲ្យបានល្អ
*ទី៣៖ អាជីវកម្មរង្គសាល ឌីស្កូកែត និងបៀហ្កាឌិន ចាប់ដំណើរការអាជីវកម្ម ពីម៉ោង១៨៖០០នាទី ដល់ម៉ោង២៤៖០០នាទី
*ទី៤៖ អាជីវកម្មខារ៉ាអូខេ ចាប់ដំណើរការ ពីម៉ោង១០៖០០នាទីព្រឹក ដល់ម៉ោង២៤៖០០នាទី ការកំណត់ពេលវេលាដំណើរការ អាជីវកម្មហួសពីម៉ោង២៤៖០០ ត្រូវបានអនុញ្ញាត ចំពោះតែតំបន់អភិវឌ្ឍន៍ និងគោលដៅទេសចរណ៍សំខាន់ៗ និងត្រូវកំណត់ដោយរដ្ឋបាលថ្នាក់ជាតិ៕