(ត្បូងឃ្មុំ)៖ មេភូមិ និងសមាជិកក្រុមប្រឹក្សាស្ទើរតែទាំងអស់ នៃឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បាននាំគ្នាឈប់ចូលធ្វើការ ដោយសារចង់ផ្លាស់ប្ដូរមេឃុំចុងជាចចេញពីតំណែង។

មន្ត្រីសាលាឃុំចុងជាច សុំមិនបញ្ចេញឈ្មោះនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ បានប្រាប់ Fresh News ថា មួយរយៈកន្លងទៅនេះ រដ្ឋបាលឃុំចុងជាច មានមន្ត្រីចូលធ្វើការតែ ៣នាក់ប៉ុណ្ណោះ។ ចំណែកមន្ត្រីក្រុមប្រឹក្សា និងមេភូមិស្ទើរតែទាំងអស់ មិនបានចូលមកធ្វើការទេ ដោយពួកគាត់ទាំងអស់គ្នាមានការមិនពេញចិត្តចំពោះលោក កាំង វ៉ាន់ឌី មេឃុំចុងជាច ហើយបានប្ដឹងទៅ អភិបាលស្រុកតំបែរ ស្នើសុំឲ្យមានការផ្លាស់ប្ដូរមេឃុំចេញ ប៉ុន្តែចាប់តាំងពីចុងឆ្នាំ២០១៩ មកដល់ពេលនេះ ពួកគាត់នៅមិនទាន់ដឹងលទ្ធផលទេ។

មន្ត្រីសាលាឃុំចុងជាច បានបញ្ជាក់ថា ប្រការដែលខ្វះមន្ត្រីសាលាឃុំចុងជាច បានធ្វើឲ្យប្រជាពលរដ្ឋ ជួបនូវការលំបាក ពេលពួកគាត់មករកសេវាផ្សេងៗនៅរដ្ឋបាលឃុំចុងជាចផងដែរ។

សូមបញ្ជាក់ថា ទាក់ទិនទៅនឹងករណីខាងលើ អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០កន្លងទៅ បានទទួលលិខិតរបស់ក្រុមប្រឹក្សាឃុំចុងជាច រួមជាមួយមេភូមិ-អនុភូមិប្រមា ណ ១៩នាក់ បានធ្វើលិខិតសំណូមពរឱ្យលោកអភិបាលស្រុកតំបែរ ផ្លាស់ប្តូតំណែងមេឃុំចុងជាចលោក កាំង វ៉ាន់ឌី ចេញពីតំណែង ដោយសារមេឃុំរូបនោះ បានធ្វើកំហុស ឆ្គងជាច្រើននាពេលកន្លង មក ធ្វើឲ្យមន្ត្រីពិបាករួមកិច្ចការជាមួយ។

នៅក្នុងពាក្យបណ្តឹងក្រុមសមាជិកក្រុម ប្រឹក្សា និងមេភូមិ បានបញ្ជាក់ទៀតថា «យោងតាមការលំបាករបស់យើងខ្ញុំទាំង អស់គ្នាកន្លងមក ដែលលោកមេឃុំរូបនេះ បានធ្វើខុសម្តងហើយម្តងទៀត ពុំបានធ្វើការកែប្រែតាមការស្នើសុំរបស់ថ្នាក់ដឹក នាំឡើយដូចជា៖

*ទី១ ៖ ធ្វើការស្តីបន្ទោសថ្នាក់ក្រោមដោយគំរាមដកចេញពីតំណែងក្រុមប្រឹក្សាឃុំ មេភូមិ សមាជិកភូមិ ស្មៀនឃុំ គ្រូមតេយ្យសហគមន៍ជាដើម
*ទី២ ៖ និយាយទំលាក់កំហុសឲ្យមន្ត្រីក្រោមឱវាទ រាយការណ៍ទៅថ្នាក់លើ
*ទី៣ ៖ ធ្វើឲ្យប៉ះពាល់សតិអារម្មណ៍របស់ពលរដ្ឋ ដោយមានការកៀបសង្កត់ កូសរុស យកលុយពីពលរដ្ឋដែលមកទទួលសេវាផ្សេងៗ
*ទី៤ ៖ បំផុសបំផុល និងរារាំងការកសាងសមិទ្ធិផលនានាតាមភូមិ។ ជាក់ស្តែង ដូចភូមិជាចកើត មានរបាយការណ៍មេភូមិស្រាប់ និងការងារជាច្រើនទៀតដែលយើងខ្ញុំភ្ជាប់ របាយការណ៍មកជាមួយស្រាប់»។

ពាក្យបណ្តឹងបានបន្តទៀតថា «ប្រសិនបើបុគ្គលរូបនេះ នៅតែដឹកនាំធ្វើជាមេឃុំទៀត យើងខ្ញុំទាំងអស់គ្នាសុខចិត្តលាឈប់ពីតំណែងទាំងអស់គ្នា»។ ពាក់ព័ន្ធករណីខាងលើនេះ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ អភិបាលស្រុកតំបែរលោក សុខ សារិទ្ធិ បានឲ្យដឹងដែរថា ក្រោយពីបានទទួលពាក្យស្នើសុំនោះ លោកបានចាត់គណៈកម្មការធ្វើការចុះស៊ើបអង្កេតលើបញ្ហានេះ។

សម្រាប់មេឃុំដែលរងការចោទប្រកាន់អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយបាននោះទេ៕

មេឃុំចុងជាច លោក កាំង វ៉ាន់ឌី

អភិបាលស្រុកតំបែរលោក សុខ សារិទ្ធិ