(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងឱ្យដឹងថា យោងតាមលទ្ធផល នៃការពិនិត្យតាមដានគុណភាពខ្យល់ របស់ក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២០នេះ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានគុណភាពល្អប្រសើរដដែល។

លោកបានឱ្យដឹងថា «កំហាប់ភាគល្អិតនិចល នៅក្នុងខ្យល់ PM2.5 មាន កម្រិតនៅក្នុងរង្វង់ស្តង់ដារកម្រិត៥០ ដែលបង្ហាញថា គុណភាពខ្យល់ទាំងនៅ រាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជាមានគុណភាពល្អប្រសើរ។ ស្ថានភាពគុណភាពល្អប្រសើរវិលមករកសភាពដើមវិញនេះ តាំងតែពីថ្ងៃសៅរ៍ម៉្លេះ ក្រោយពីមានមានការកើនឡើងហួសកម្រិតស្តង់សារកាលពីថ្ងៃទី១៧ ខែមករា កន្លងទៅ។ មន្ទីរជំនាញក្រសួងបរិស្ថាន បន្តតាមដានជាប្រចាំស្ថានភាពគុណភាពខ្យល់ និងបន្តផ្តល់ព័ត៌មានជាប្រចាំ ដល់សាធារណជន»

លោក នេត្រ ភក្ត្រា បានបន្តថា ក្រសួងបរិស្ថានសូមថ្លែងអំណរគុណ ចំពោះមន្ត្រីជំនាញបរិស្ថានទាំងអស់ រួមនឹងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថានរួមនឹងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមអនុវត្តវិធានការមួយចំនួន តាមការអំពាវនាវរបស់ក្រសួងបរិស្ថាន។

ក្រសួងបរិស្ថាន កាលពីថ្ងៃទី១៧ ខែមករា បានចេញសេចក្តីជូនដំណឹងដល់ មន្ទីរបរិស្ថាន រាជធានី ខេត្តត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោម ជាតិអនុវត្តវិធានការ មួយចំនួន រួមមាន ១៖ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុតសំរាម សំណល់រឹងនៅតាមទីចំហ ការឆេះនៅតាមទីលានចាក់សំរាម។ ២៖ ត្រូវចាត់វិធានការទប់ស្កាត់ការហុយ ធូលីពីការដ្ឋានសំណង់ និងការដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធូលីហុយនៅតាមដងផ្លូវ។ ៣៖ សម្អាតអនាម័យ នៅតាមដងផ្លូវ និងទីសាធារណៈស្រោចទឹក លើដងផ្លូវកុំឱ្យធូលីហុយ។ ៤៖ ចុះអប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់រឹង ការដុតស្មៅ គល់ជញ្ជ្រាំង និងសំណល់ កសិកម្មផ្សេងៗទៀត។

បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន ការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ក្នុង ខ្យល់នេះមិនមែនមាននៅតែម្ពុជាទេ ប៉ុន្តែនិន្នាការនៃកំណើននេះមាន នៅក្នុងបណ្តាប្រទេសផ្សេងទៀត នៅក្នុងតំបន់ដោយសារតែអាកាសធាតុ នៃអនុតំបន់ទន្លេមេគង្គមានភាពស្ងួតហួតហែង។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះបានឱ្យដឹងថា ប្រភព និងសកម្មភាពសំខាន់ៗដែលជា ហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM2.5 មានការកើនឡើងនេះមានជាអាទិ៍ការបញ្ចេញផ្សែង ពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាសូតនិងពីចំហេះឥន្ធនៈ ផ្សេងទៀត ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាមទីចំហ និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម៕