(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាមិនមានចេតនាចាត់ទុកប្រទេសណាមួយធ្វើជាសត្រូវទេ គឺខិតខំធ្វើយ៉ាងណាឲ្យមានទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសនានាលើសកលលោក។

ប្រមុខការទូតកម្ពុជាថ្លែងបែបនេះ នៅរសៀលថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសបានទទួលជួបគណៈប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក នៅទីស្តីការក្រសួង។ នេះបើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោក កុយ គួង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា យើងមិនមានចេតនាចាត់ទុកប្រទេសណាមួយជាសត្រូវទេ គឺមានចេតនាបង្កើតមិត្ត រក្សាមិត្ត និងពង្រីកមិត្ត ដូច្នេះខិតខំធ្វើយ៉ាងណា ឲ្យមានទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសទាំងអស់នៅលើសកលលោក»

បើតាមអ្នកនាំពាក្យរូបនេះ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សហរដ្ឋអាមេរិក ដែលបានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម GSP ដល់ប្រទេសយើង និងជំនួយផ្សេងៗទៀតផងដែរ។ សម្រាប់លោក Seth Wilbur Moulton ប្រធានគណៈប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក បានថ្លែងថា អាមេរិកគោរពអធិបតេយ្យភាពកម្ពុជាជានិច្ច។

«សហរដ្ឋអាមេរិក បានបញ្ជាក់ដែរថា នឹងខិតខំធ្វើឲ្យទំនាក់ទំនងល្អប្រសើរនេះ ដោយអាមេរិកនឹងគោរពអធិបតេយ្យភាពរបស់កម្ពុជា»។ លោក កុយ គួង គូសបញ្ជាក់៕