(ប៉េកាំង)៖ នៅថ្ងៃទី២៤ ខែមករា ជាថ្ងៃដាច់ឆ្នាំតាមចន្ទគតិចិន។ យប់ថ្ងៃដដែល រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២០ បានប្រារព្ធធ្វើយ៉ាងល្អឆើតឆាយ ដោយបានប្រើប្រាស់បច្ចេកវិទ្យាថ្មីដូចជា 5G និងយន្តហោះបញ្ជាដ្រួនជាដើម ក្នុងន័យនាំមកនូវកម្មវិធីច្នៃប្រឌិតថ្មី ដែលប្រកបដោយភាពរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យានិងវប្បធម៌ ជូនចំពោះទស្សនិកជនពិភពលោកទាំងមូល។

រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនលើកនេះមានរយៈពេល២៦០នាទី ក្នុងនោះរួមមានទាំងកម្មវិធីចម្រៀង របាំវេទមន្ត សៀក ល្ខោនហ៊ីនិងកម្មវិធីជជែកកម្សាន្តជាដើម។

រាត្រីសមោសរលើកនេះបានផ្តោតសំខាន់ទៅលើប្រធានបទយុគសម័យ និងចំណុចក្តៅក្នុងសង្គម ក្នុងន័យបញ្ចេញមនោសញ្ចេតនាស្រឡាញ់ញាតិសន្តាន និងស្រឡាញ់ស្រុកកំណើត ច្រៀងសរសើរប្រជាជាន និងជូនពរមាតុប្រទេស ដើម្បីស្វែងរកនិងសម្រេចបាននូវសុបិន ក៏ដូចជាសុំសេចកី្តសុខនិងសិរីមង្គល មានកម្មវិធីច្រៀងចម្រៀងជនជាតិផងហើយក៏មានការរាំរបាំឌីស្កូផង កម្មវិធីដ៏ល្អឆើតឆាយដែលរួមបញ្ចូលភាពប្រពៃណីនិងទាន់សម័យ បានក្លាយជារាត្រីសមោរមួយលើកប្រកបដោយវប្បធម៌យប់ដាច់ឆ្នាំតាមប្រពៃណីចិន។

ដើម្បីទប់ទល់នឹងជំងឺរលាកសួតបង្កឡើងដោយវីរុសការ៉ូណាប្រភេទថ្មី រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានបន្ថែមនូវកម្មវិធីពិសេសមួយ ក្រោមចំណងជើងថា «ក្តីស្រឡាញ់ជាស្ពាន » ដើម្បីជួយគាំទ្រក្រុងវ៉ូហាន និងលើកទឹកចិត្តប្រទេសចិន។

សូមបញ្ជាក់ថា រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះបានតុបតែងឆាកបីជាន់ ហើយបានប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ច្នៃប្រឌីតថ្មី ដើម្បីបង្កបង្កើតជាឆាកមូលដែលមាន៣៦០ដឺក្រេ ទស្សនិកជនមិនបាច់ពាក់វ៉ែនតា 3D ទេ ក៏អាចទទួលអារម្មណ៍ថ្មីក្នុងពេលទស្សនា ។ ព្រមជាមួយគ្នានេះ មនុស្សយន្តនិងយន្តហោះបញ្ជាដ្រួន ក៏បានចូលរួមការថតរូបនិងផលិតកម្មវិធីផងដែរ និងបានសម្រេចបាននូវការផ្សាយផ្ទាល់តាមបច្ចេកវិទ្យា VR បច្ចេកវិទ្យាច្នៃប្រឌិតថ្មីជាច្រើន ធ្វើឱ្យរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីចិនឆ្នាំនេះពោរពេញទៅដោយវិទ្យាសាស្ត្រនិងបច្ចេកទេសខ្ពស់។

ក្រៅពីឆាកសំខាន់នៅក្រុងប៉េកាំង រាត្រីសមោសរអបអរសាទរឆ្នាំថ្មីប្រពៃណីចិនលើកនេះនឹងបើកឆាកសំដែងបន្ទាប់បន្សំចំនួនពីរ នៅក្រុងចឹងចូវខេត្តហឺណានភាគកណ្តាលប្រទេសចិន និងមហាតំបន់ឈូងសមុទ្រក្វាំងតុង ហុងកុងនិងម៉ាកាវដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន ដែលនឹងបង្ហាញពីលក្ខណៈពិសេសខាងវប្បធម៌យ៉ាងខ្លាំង។ រាត្រីសមោសរអបអរសាទរឆ្នាំថ្មីប្រពៃណីចិននឹងផ្សព្វផ្សាយតាមប្រព័ន្ធសារព័ត៌មានគ្រប់ប្រភេទ ពិសេសគឺផ្សាយផ្ទាល់នៅទូទាំងពិភពលោក តាមរូបភាពអេក្រង់ធំនិងអេក្រង់តូចរួមសហការគ្នាដែលជាការច្នៃប្រឌិតថ្មីខាងបច្ចេកទេស។

ឆ្នាំ២០២០នេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងផលិតនិងដាក់ចេញភាពយន្តឈ្មោះ«រាត្រីសមោសរអបអរសាទរឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២០»។ ប្រព័ន្ធសារព័ត៌មានជាង៥០០នៃប្រទេសជាង១៧០ ដូចជាអាមេរិក អង់គ្លេស ជប៉ុន រុស្ស៊ី ប្រេស៊ីល សិង្ហបុរី ម៉ាឡេស៊ី ថៃនិងឡាវជាដើម ក៏ដូចជារោងភាពយន្តនៃប្រទេស និងតំបន់ជាង២០ នឹងចាក់ផ្សាយនិងចាក់បញ្ចាំងកម្មវិធីរាត្រីសមោស អបអរសាទរឆ្នាំថ្មីប្រពៃណីចិននិងភាពយន្តឈ្មោះ«រាត្រីសមោសរអបអរសាទរឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២០»។

សូមបញ្ជាក់ថា រាត្រីសមោសរអបអរសាទរឆ្នាំថ្មីប្រពៃណីចិនដែល ចាប់ផ្តើមកាលពីឆ្នាំ១៩៨៣ ជារាត្រីសមោសរសិល្បៈចម្រុះធុនធំមួយដែលស្ថានីយទូរទស្សន៍ជាតិចិន ដាក់ចេញដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីចិនក្នុងយប់ដាច់ឆ្នាំតាមចន្ទគតិចិន។ ជាង៣០ឆ្នាំកន្លងមក រាត្រីសមោសរអបអរសាទរឆ្នាំថ្មីប្រពៃណីចិន បានកំដរគ្រួសាររាប់មិនអស់លាចាកឆ្នាំចាស់ និងអបអរទទួលឆ្នាំថ្មី ដែលត្រូវបានគ្រឹះស្ថានឯតទគ្គកម្មពិភពលោកហ្គីណេសបញ្ជាក់ថា ជាកម្មវិធីទូរទស្សន៍ដែលមានទស្សនិកជនច្រើនជាងគេលើពិភពលោក។ នាយប់ដាច់ឆ្នាំដែលជាឱកាសក្រុមគ្រួសារជួបជុំគ្នា ការធ្វើនំគាវ ទស្សនាកម្មវិធីរាត្រីសមោសរអបអរសាទរឆ្នាំថ្មីប្រពៃណីចិន ហូបបាយជាមួយសមាជិកក្នុងគ្រួសារ និងចែកអាំងប៉ាវបានក្លាយទៅជាវប្បធម៌ទំនៀមទម្លាប់ក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនហើយ៕