(ពោធិ៍សាត់)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នាថ្ងៃទី២៥ ខែមករានេះ បានចាត់ឱ្យមន្ត្រីចូលរួមរំលែកទុក្ខ និងនាំយកគ្រឿងឧបភោគ-បរិភោគ ព្រមទាំងបច្ច័យចូលបុណ្យសពលោកឧត្ដមសេនីយ៍ទោ រស់ ប៊ុនណាន ស្នងការរងនគរបាលខេត្តពោធិ៍សាត់។

លោកឧត្ដមសេនីយ៍ទោ រស់ ប៊ុនណាន ត្រូវជាកូនរបស់លោកស្រី ហួន ច័ន្ទបូរ៉ា នាយកនៃនាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នាវេលាម៉ោង១៧ល្ងាច នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្នុងជន្មាយុ៥៥ឆ្នាំ ដោយរោគាពាធ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនៃនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានពាំនាំប្រសាសន៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ក្នុងក្តីសោកស្តាយឥតគណនា ចំពោះក្រុមគ្រួសារសព ដែលបានបាត់បង់កូន និងបិតាជាទីគោរពស្រឡាញ់ ដែលក្នុងជីវិតរបស់លោកបានធ្វើពលិកម្មជាច្រើន បានបូជាសព្វបែបយ៉ាងទាំងកម្លាំងកាយចិត្ត មិនគិតពីការនឿយហត់ លំបាកលំបិន ជម្នះរាល់ឧបសគ្គនានា ដើម្បីសង្គមជាតិ និងក្រុមគ្រួសារ។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិតបានបួងសួងដល់វត្ថុស័ក្តសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកឧត្ដមសេនីយ៍ទោ រស់ ប៊ុនណាន សូមទៅកាន់សុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ។

លោកស្រី ហួន ច័ន្ទបូរ៉ា ត្រូវជាម្តាយនៃសព បានសម្តែងនូវក្តីគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ ឬជួបការលំបាកដោយមិនរើសអើងមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

សម្ភារៈដែលនាំយកមកចូលរួមរំលែកទុក្ខនាឱកាសនេះ រួមមាន៖ អង្ករ ១២០គីឡូក្រាម មី ៥កេស ទឹកសុទ្ធ ៥កេស ភេសជ្ជៈ ៥កេស ត្រីខ ៥យួរ និងថវិកា ៥លានរៀល៕