(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាប ករណីចាប់ជំរិត និងគំរាមទារប្រាក់ ដែលប្រព្រឹត្តដោយជនជាតិវៀតណាម ទៅលើជនជាតិវៀតណាម នៅសង្កាត់ព្រលឹត ខណ្ឌ៧មករា ដោយចាប់ខ្លួនបានជនល្មើស៣នាក់ និងរំដោះជនរងគ្រោះម្នាក់។

លោកវរសេនីយ៍ឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរង និងមានការចង្អុលបង្ហាញចំគោលដៅពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

លោកវរសេនីយ៍ឯក ជាវ វិបុល បានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ក្រុមគ្រួសាររបស់ជនរងគ្រោះ បានរាយការណ៍ថា មានករណីចាប់បង្ខាំងមនុស្សគំរាមទារប្រាក់ ចំនួន៣០០លានដុង ជាថ្នូរនឹងការដោះលែងជនរងគ្រោះឈ្មោះ Phom Quang Dung អាយុ៥៧ឆ្នាំ។

ភា្លមៗបន្ទាប់ពីទទួលបានពាក្យបណ្ដឹង កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ ទើបរហូតដល់ម៉ោងជាង១២ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ កម្លាំងជំនាញបានឈានដល់ការចាប់ខ្លួនជនសង្ស័យ៣នាក់ និងរំដោះជនរងគ្រោះម្នាក់ នៅផ្ទះសំណាក់ហេងឡុង១ ភូមិ៤ ក្រុម២២ ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

បើតាមលោកវរសេនីយ៍ឯក ជាវ វិបុល បន្ទាប់ពីស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ និងការបំភ្លឺរបស់ជនរងគ្រោះ សមត្ថកិច្ចជំនាញសន្និដ្ឋានបានថា នេះពិតជាករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ និងគំរាមទារប្រាក់ប្រាកដមែន។

បន្ទាប់ពីបញ្ចប់ការសួរនាំ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យទាំង៣នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕