(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្ការ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញនាំយកព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ផ្តល់គោរមងារជា សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ជូនសម្តេចនៅគេហដ្ឋាន។

នៅក្នុងព្រះរាជក្រឹត្យដែល ព្រះមហាក្សត្របានឡាយព្រះហស្ថលេខា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ទ្រង់បានបញ្ជាក់ថា សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានគាំទ្រតស៊ូក្នុងការរំដោះប្រទេសជាតិដោយស្វាមីភ័ក្ដិ តាំងពីដើមរហូតមក ក្នុងការដឹកនាំយ៉ាងអង់អាចក្លាហាន ជាអ្នកស្នេហាជាតិ ការពារជាតិ និងសាសនា និងគាំពារយ៉ាងខ្ជាប់ខ្ជួនឥតល្អៀង តាមមាគ៌ានយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិ ខ្មែរ «ព្រះករុណា ព្រះបរមរតនកោដ្ឋ» ដើម្បីជាតិ មាតុភូមិកម្ពុជា។

សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ប្រសូត្រនៅឆ្នាំ១៩៣៨នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អតីត ខេត្តកំពង់ចាម។ សម្តេចបានរៀបអាពាហ៍ពិពាហ៍ជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅក្នុងខែមីនាឆ្នាំ១៩៥៧។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ បានមានព្រះរាជចំណារបន្តថា សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានដឹកនាំ កសាង និងគោរពព្រះពុទ្ធសាសនាឲ្យមានការអភិវឌ្ឍរីកចម្រើន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ក្នុងព្រះរាជក្រឹត្យ ព្រះករុណាព្រះមហាក្សត្រ ទ្រង់បានលើកឡើងបន្ថែមថា សម្តេចធម្មវិសុទ្ធវង្សា បានបរិច្ចាគកម្លាំងកាយចិត្ត និង ទ្រព្យធនប្រកបដោយសទ្ធាជ្រះថ្លាបរិសុទ្ធដ៏ខ្ពង់ខ្ពស់បំផុត ជូនសង្គមជាតិ និងបានជួយកសាងសមិទ្ធផលនានា ជួយឧបត្ថម្ភដល់ជនក្រីក្រគ្មានទីពំនឹងទាំងឡាយ ប្រកបដោយមហាសប្បុរសធម៌ មនុស្សធម៌ ដ៏ឧត្តុង្គឧត្តមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងបានប្រកាន់ខ្ជាប់ក្នុងសេចក្តីបរិសុទ្ធ ដ៏វិសេសវិសាលក្នុងព្រះធម៌បូជាចំពោះព្រះពុទ្ធសាសនា៕