(ភ្នំពេញ)៖ ក្នុងឱកាសថ្លែងសារចេញពីវិមានសន្តិភាព ទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស អំពីជំងឺរលាកផ្លូវដង្ហើមថ្មីបង្កឡើងដោយវីរុសកូរ៉ូណានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវចំនួន៨ចំណុច ដើម្បីទប់ស្កាត់ និងការពារការឆ្លងជំងឺនេះ នៅក្នុងប្រទេសកម្ពុជា។
វិធានការសម្តេចតេជោ ហ៊ុន សែន រួមមានដូចជា៖
១៖ កុំមានការភ័យខ្លាចហួសពីអ្វីដែលជាការពិត ដែលនាំឱ្យយើងខាតបង់ពេលវេលា។ យើងអាច បញ្ចៀសបាននូវការឆ្លងមេរោគគ្រប់ប្រភេទតាមរយៈ អនាម័យទាំងការរស់នៅការទទួលទាន ការធ្វើការងារ។ សម្តេចចាត់ទុកថា អនាម័យនេះការពារជំងឺច្រើនជាពិសេសផ្តាសាយ មិនមែនតែវីរុសកូរ៉ូណាទេ។
២៖ ត្រូវផ្សព្វផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋ។ សម្តេចកោតសរសើរចំពោះសារព័ត៌មានមានវិជ្ជាជីវៈ មានការទទួលខុសត្រូវ អ្នកលេងបណ្តាញសង្គមដែលមានការទទួលខុសត្រូវ ដែលជួយ ផ្សព្វផ្សាយ ព័ត៌មាន ពិត ប្រឆាំង ព័ត៌មាន ក្លែងក្លាយដែលបំពុលសង្គម។ សម្តេចបានបង្គាប់ឱ្យក្រសួងព័ត៌មានចាត់វិធានការចំពោះព័ត៌មានក្លែងក្លាយ។ សម្តេចបានព្រមានថា ទោះបីជាខ្មែរមិនទាន់មានការចាប់អ្នកសារព័ត៌មានបំពុលរឿងវីរុសកូរ៉ូណា តែបើនៅមិនរាងចាលអាចនឹងចាប់ខ្លួន។
៣៖ ត្រូវមានដំណើរការធម្មតានៅស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស ផ្សារលក់ដូរ វត្ត អារ៉ាម…។
៤៖ សាលារៀនគឺជាគោលដៅដែលត្រូវយកចិត្តទុកដាក់ ត្រូវធ្វើឱ្យមានទំនុកចិត្តដល់អាណាព្យាបាល មាតាបិតាបញ្ជូនកូនមករៀនធម្មតា។ ត្រូវ ដំណើរ ការធម្មតាដោយបង្កើនអនាម័យ ហើយក្រសួងអប់រំ ត្រូវចុះអប់រំតាមសាលា។
៥៖ ត្រូវមានម៉ាស់ការពារនៅកន្លែងចាំបាច់ ប៉ុន្តែកន្លែងដែលមិនចាំបាច់មិនមានអ្វីត្រូវពាក់នោះទេ។ នៅតាមព្រលានយន្តហោះមានតែអាស៊ីទេ ដែលពាក់ម៉ាស់រីឯអ្នកទេសចរអឺរ៉ុបមិនមានពាក់ម៉ាស់ទេ ដោយសារគេយល់ដឹងច្បាស់ពីរបៀបឆ្លង ។
៦៖ អ្នកលក់ម៉ាស់កុំឆ្លៀតដំឡើងថ្លៃ ត្រូវជួយគ្នាក្នុងគ្រាក្រ កុំឆ្លៀតកេងចំណេញពេលមានតម្រូវការ។ សម្តេចតេជោហ៊ុន សែន បានសម្តែង ការសោកស្តាយដែល កន្លងមកមានអ្នកលក់ម៉ាស់ ដំឡើងថ្លៃ។ សម្តេចបានអំពាវនាវកុំឲ្យអ្នកលក់ដំឡើងថ្លៃ ក្នុងកាលៈទេសៈដែលប្រជាជនកំពុងតម្រូវការម៉ាសពាក់ ហើយសម្តេចក៏អំពាវនាវឲ្យរោងចក្រកាត់ដេរជួយផលិតម៉ាសបន្ថែម ដើម្បីលក់ឲ្យរដ្ឋ។ ក្រសួងការងារ និង ក្រសួងសុខាភិបាល ត្រូវសហការគ្នាជាមួយរោងចក្រ ដើម្បីផលិតម៉ាស់បន្ថែម។ រដ្ឋត្រូវទទួលខុសត្រូវក្នុងការទទួលទិញម៉ាសនេះតាមស្តង់ដារដែលប្រគល់ឱ្យពួកគេផលិត។
៧៖ ត្រូវផ្តល់សេវាកម្មដោយគ្មានការរើសអើង ដូចជាការដឹកនាំតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ទាក់ទងនឹងយន្តហោះ និងតាមសណ្ឋាគារជាដើម ដូច្នេះអ្នកថាឲ្យបិទជើងយន្តហោះ បើបិទគឺមិន មែនបិទតែពីចិនទេ គឺត្រូវបិទប្រទេសទាំងអស់ដោយសារតែ ជំងឺនេះកើតឡើងច្រើនប្រទេស ហើយ ជប៉ុន ម៉ាឡេស៊ី ថៃ សិង្ហបុរី វៀតណាមក៏មាន…អញ្ចឹងត្រូវបិទទាំងអស់ដោយដាក់កម្ពុជាខ្លួនឯង នៅក្នុងភាពឯកោដែរ។
៨៖ អ្នកការទូត កុងស៊ុល និងនិស្សិតកម្ពុជា ដែលកំពុងធ្វើការ និងរៀនសូត្រ នៅប្រទេសចិន ពិសេសនៅទីក្រុងវូហាន ត្រូវបន្តចូលរួមជាមួយប្រជាជនចិននៅទីនោះ កុំរត់ចោលគេ។ ស្រឡាញ់គ្នា ក្នុងគ្នាក្រ កុំមិត្តភាពក្នុងគ្រាស្រួល តែរត់ចោលគ្នាក្នុងគ្រាលំបាក។
សូមបញ្ជាក់ថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានចាកចេញពីក្រុងវូហាន ប្រទេសចិន ដែលជាក្រុងផ្ទុះជំងឺមុនគេ ហើយមកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ជនជាតិចិនម្នាក់ដែលឆ្លងជំងឺនេះមានឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ៣នាក់ទៀត។
ទោះជាយ៉ាងនេះក្តី រហូតដល់មកដល់ពេលនេះ ស្ថានភាពជនជាតិចិនដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មី ហើយដាក់ឱ្យសម្រាកនៅបន្ទប់ដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនោះ កំពុងមានសុខភាពល្អធម្មតា និងកាន់តែប្រសើរជាងមុន ដោយមិនមានអ្វីធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នោះឡើយ ខណៈដែលក្រុមគ្រួសាររបស់គាត់ទាំង៣នាក់ ពុំមានរោគសញ្ញានៃមេរោគកូរ៉ូណានោះទេ៕