(ភ្នំពេញ)៖ ប្រទេសកម្ពុជាទំនងជាប៉ះពាល់ខ្លះដល់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ប្រហែលជាង២០ភាគរយ ដែលស្មើនឹងទឹកប្រាក់ ចំនួន៥០០លានដុល្លារ សហរដ្ឋអាមេរិកតែប៉ុណ្ណោះ ប៉ុន្តែកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយលើបញ្ហានេះ។ នេះបើតាមការលើករបស់មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ដែលលោកទទួលបានក្រៅផ្លូវការ។

ក្នុងវេទិកាសាធារណៈស្ដីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០២០» ដែលរៀបចំធ្វើឡើង ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ លោក វង្ស៊ី វិស្សុត រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា តាមការគណនា បញ្ហា EBA វាប៉ះពាល់ការនាំចេញរបស់កម្ពុជា ប្រមាណ៥០០លានដុល្លារ លើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។

លោក វង្ស៊ី វិស្សុត បានបញ្ជាក់យ៉ាងដូច្នេះ៖ «បញ្ហា EBA សូមបញ្ជាក់ថា មិនមែន៥០ភាគរយនោះទេ ២០ភាគរយលើខោអាវ និង៣០ភាគរយ លើស្បែកជើង ដូច្នេះជាមធ្យមតែជាង២០ភាគរយទេ។ តាមការគណនារបស់មន្ដ្រី របស់យើងខ្ញុំនៅទីនេះ វាប៉ះពាល់ការនាំចេញ ក្នុងទំហំទឹកប្រាក់៥០០លានដុល្លារ លើទំហំនាំចេញរាប់ពាន់លានដុល្លារ»

ទោះបីជាយ៉ាងណាក្ដី លោក វង្ស៊ី វិស្សុត បានបញ្ជាក់ថា នេះគ្រាន់តែជាព័ត៌មានក្រៅផ្លូវការនោះទេ ព័ត៌មានផ្លូវការនឹងដឹងការពិតយ៉ាងលម្អិត នៅទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ។ លោកថា «ទោះបីជា២០ភាគរយ ៣០ភាគរយ ៥០ភាគរយ ១០០ភាគរយ ឬ០ភាគរយ យើងត្រៀមបាន បើសិនជាបាត់ប៉ុណ្ណឹង យើងគិតថា ការបាត់បង់ការងារ៣ម៉ឺននាក់ជាង»

មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ បានឲ្យដឹងផងដែរថា មួយៗគិតថាវិស័យផ្សេងៗ អាចជួយរួមចំណែកច្រើន ប៉ុន្ដែឧស្សាហកម្មដូចគ្នា មានកន្លែងពីរ ដែលជួយស្រូប ទី១៖ ឧស្សាហកម្មពាក់ព័ន្ធនៃការនាំចេញ ទៅកាន់សហរដ្ឋអាមេរិក និងទី២៖ កន្លែងឧស្សាហកម្មមិនមែនកាត់ដេរ ដែលយើងឃើញថា មានកំណើនស្ថិតលើ១០ភាគរយ និងមានទំហំវិនិយោគកន្លងទៅ៤៤គម្រោង។

លោក វង្ស៊ី វិស្សុត បានបញ្ជាក់ថា «ខ្ញុំគិតថា ត្រឹមតែប៉ុណ្ណឹងអ្នក (បាត់បង់ការងារ៣ម៉ឺននាក់ជាង) ដូចជាមិនធ្វើឲ្យមានអី ព្រួយបារម្ភណាស់ណានោះទេ យើងអត់បារម្ភទេប៉ុណ្ណឹង យើងបារម្ភខ្លាំងជាងហ្នឹង»

បន្ថែមពីនោះទៀត លោក រង្សី វិស្សុត បានគូសបញ្ជាក់ទៀតថា ចំពោះបញ្ហា EBA វាមិនស្ថិតថេរទេគ្រាន់តែមុន និងក្រោយ ដូច្នេះកម្ពុជា ត្រូវតែត្រៀមខ្លួនពីឥឡូវបណ្ដើរៗ ហើយត្រូវមានវិធានការដោះស្រាយបញ្ហានេះ ឲ្យមានភាពយូរអង្វែងកុំឲ្យតែគេថា កុំតែគេអនុគ្រោះបានរស់។

ចំពោះ GSP វិញ, លោក រង្សី វិស្សុត ក៏បានឲ្យដឹងដែរថា ប្រសិនជាអាមេរិកដក GSP កម្ពុជា ក៏មិនខាតប៉ុន្មានដែរ ព្រោះថា ទំនិញកាត់ដេរសម្លៀកបំពាក់ ដែលកម្ពុជានាំចេញ ទៅកាន់សហរដ្ឋអាមេរិកសព្វថ្ងៃ គឺទំនិញបង់ពន្ធតិច ហើយខ្មែរក៏ធ្លាប់បាននិយាយហើយដែរថា ខ្មែរបង់ពន្ធអាមេរិកច្រើនជាងបារាំង ដែលមានចំនួនជិត១៥ភាគរយ។ ដូច្នេះ បើសិនជាអាមេរិក ដក GSP ក៏កម្ពុជាអត់ស្លាប់ដែរ។

លោករដ្ឋលេខាធិការប្រចាំការបញ្ជាក់ថា ឆ្លើយតបនឹងភាពមិនប្រាកដប្រជានៃប្រព័ន្ធអនុគ្រោះផ្សេងៗ ដែលផ្តល់ជូនពីដៃគូអភិវឌ្ឍន៍ នៅឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានបម្រុងថវិកា៣ភាគរយនៃថវិកាជាតិ ប្រមាណ៧០០លានដុល្លារ ដើម្បីត្រៀមដោះស្រាយបញ្ហាដែលអាចកើតមានឡើយ។

សូមបញ្ជាក់ថា សហភាពអឺរ៉ុប បានផ្ញើរបាយការណ៍របស់ខ្លួន មកកាន់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ និងទុករយៈពេល១ខែ ដើម្បីឲ្យភាគីកម្ពុជា ធ្វើការឆ្លើយតប។ បន្ទាប់ពីកម្ពុជាឆ្លើយតប សហភាពអឺរ៉ុប នឹងធ្វើសេចក្តីសម្រេចចិត្តមួយ នៅខែកុម្ភៈឆ្នាំ២០២០ ថាតើត្រូវដកការអនុគ្រោះពន្ធរបស់កម្ពុជា ជាបណ្តោះអាសន្ន ឬ យ៉ាងណា។

សេចក្តីសម្រេចចិត្តនេះ គឺត្រូវធ្វើឡើងដោយសំឡេងភាគច្រើន នៅក្នុងចំណោមសមាជិកទាំង២៧ នៃគណៈកម្មការអឺរ៉ុប។ បើសិនគណៈកម្មការអឺរ៉ុប សម្រេចមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះទេ នោះនីតិវិធីត្រូវបិទបញ្ចប់ត្រឹមនេះ។

ផ្ទុយទៅវិញ ប្រសិនបើគណៈកម្មការអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន សេចក្តីសម្រេចនេះ ក៏នៅមិនទាន់អាចចូលជាធរមានបានភ្លាមៗនោះដែរ ពីព្រោះថា សេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ធ្វើឡើងតាមនីតិវិធីប្រតិភូកម្មអំណាច គឺអាចចូលជាធរមានបាន លុះត្រាតែគ្មានការជំទាស់ពីសំណាក់សភា ឬក្រុមប្រឹក្សាអឺរ៉ុប។

ប៉ុន្តែ ប្រសិនបើសភាអឺរ៉ុប ឬក្រុមប្រឹក្សាអឺរ៉ុបសម្រេចមិនជំទាស់ ឬមិនអាចរកសំឡេងភាគច្រើន ដើម្បីជំទាស់នឹងសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបបានទេ ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ នឹងត្រូវចូលជាធរមាន៦ខែ រាប់ចាប់ពីថ្ងៃដែលគណៈកម្មការអឺរ៉ុប អនុម័តសេចក្តីសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះ៕