(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចនឹងទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត។
ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅប្រទេសកូរ៉េខាងត្បូង នាល្ងាច ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ ការប្រកាសនេះបានឆ្លើយតបនឹងក្រុមប្រឆាំងមួយចំនួន ដែលបានលើកឡើងតាមបណ្តាញសង្គម ដោយទាមទារឱ្យសម្តេចទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅក្រុងវូហាន ប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សុំឆ្លើយទៅវិញ ហ៊ុន សែន នឹងទៅ ! បើរដ្ឋាភិបាលចិនអនុញ្ញាត។ ឯងមិនចាំបាច់ឌឺជាមួយហ៊ុន សែន នោះទេ ហ៊ុន សែន ហ៊ានចូលប្រយុទ្ធក្នុងភ្លើងសង្គ្រាម ហ៊ានយកក្បាលធ្វើដើមទុនដើម្បីសង្គ្រោះជាតិ ហ៊ានយកជីវិតធ្វើដើមទុនដើម្បីការឯកភាពជាតិ បញ្ចប់សង្រ្គាមនាំមកនូវការឯកភាពជាតិ រឿងអ្វីដែល ហ៊ុន សែន មិនហ៊ានទៅក្រុងវូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរ»។
ទីក្រុងវូហាន ប្រទេសចិន គឺជាទីតាំងដែលផ្ទុះជំងឺរលាកផ្លូវដង្ហើមថ្មី (កូរ៉ូណា) មុនគេបង្អស់។ ប្រភពនៃជំងឺនេះ មិនទាន់មានការស្រាវជ្រាវ និងបញ្ជាក់ពិតប្រាកដនៅឡើយទេ ខណៈដែលអ្នកស្លាប់កើនឡើងដល់ ៣៦២នាក់ និងឆ្លងជំងឺនេះចំនួន ១,៧ម៉ឺននាក់ ព្រមទាំងរីករាលដាលដល់២៤ប្រទេស នៅទូទាំងពិភពលោក។
ដោយមានស្ថានភាពបែបនោះ រដ្ឋាភិបាលចិន បានប្រកាសបិទជើងយន្តហោះទាំងអស់ពីក្រុងវូហាន នៅកាន់ខេត្ត-ក្រុងនានាក្នុងប្រទេសចិន ក៏ដូចជាទៅកាន់ប្រទេសផ្សេងៗទៀតនៅលើពិភពលោក ដើម្បីបង្ហាញការទទួលខុសត្រូវ និងទប់ស្កាត់ការរីករាលដាល់នៃជំងឺនេះទៅកាន់លើពិភពលោក ខណៈដែលអង្គការសុខភាពពិភពលោក (WHO) បានប្រកាសអាសន្នជាសកលជុំវិញការរីករាលដាល់នៃជំងឺកាចសហាវនេះ។
តាមរបាយការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ក្រុងវូហាន ដែលជាក្រុងធំទំនើប ដែលមានប្រជាជនរស់នៅច្រើនជាងគេលំដាប់ទី៧ នៅប្រទេសចិន មាននិស្សិតខ្មែរប្រមាណ២៣នាក់ កំពុងសិក្សា។
បន្ទាប់ពីប្រកាសថា នឹងទៅសួរសុខទុក្ខនិស្សិតខ្មែរនេះ សម្តេចតេជោបានជំរុញឲ្យមន្រ្តីរបស់សម្តេចទាក់ទង សួរនាំនៅកាន់ភាគីចិន ដើម្បីសុំទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅទីក្រុងវូហាន។ សម្តេចតេជោ ហ៊ុន សែន បានពន្យល់អំពីភាពមិនចាំបាច់ដែលត្រូវជម្លៀសប្រជាជនខ្មែរពីប្រទេសចិន ខណៈដែលភ្ញៀវទេសចរពីប្រទេសចិនទៅប្រទេសដទៃទៀត នៅតែបន្តធ្វើដំណើរកម្សាន្តជាធម្មតា។
សម្តេចបានចោទសួរថា តើរហូតមកដល់ពេលនេះ មានប្រជាជនខ្មែរណាម្នាក់បានឆ្លងជំងឺវីរុសកូរ៉ូណាហើយឫនៅ។ រហូតតមកដល់ពេលនេះ មានតែជនជាតិចិនម្នាក់ប៉ុណ្ណោះ នៅក្នុងកម្ពុជាដែលកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយទាល់តែព្យាបាលជាត ទើបអនុញ្ញាតឱ្យចេញទៅវិញ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីរឿងរ៉ាវរបស់ប្រទេសកូរ៉េទាំងពីរ កាលពីឆ្នាំ២០១៣-២០១៤ ដែលពេលនោះ កូរ៉េខាងជើង បានស្នើឱ្យសម្តេចដកទូត និងប្រជាជនចេញពីទីក្រុងព្យុងយ៉ាង ហើយពេលនោះ ឪពុកម្តាយរបស់ពលករខ្មែរមានការភ័យខ្លាច និងទាមទារឱ្យជម្លៀសពលករខ្មែរនៅកូរ៉េខាងត្បូងផង។ សម្តេចបានបង្ហាញការថ្លឹងថ្លែងថា បើដឹកចេញពេលនោះ តើពលករខ្មែរអាចទៅធ្វើការនៅប្រទេសកូរ៉េវិញបានទេ? ហើយបើចេញមកប្រទេសកម្ពុជា នឹងបាត់ឱកាស ព្រោះប្រទេសកូរ៉េខាងត្បូង នឹងមិនទទួលយកពលករខ្មែរវិញទេ។ ដោយឡែកសម្រាប់រដ្ឋាភិបាលចិន ក៏អាចនឹងប្រកាន់យកឥរិយាបទបែបនោះដែរ។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំចង់ធានាសុវត្ថិភាពឱ្យបានច្បាស់ ហើយធានាថា យើងនៅរួម គេទទួលខុសត្រូវចំពោះយើង។ បើតាមខ្ញុំដឹងនៅវូហាន គេបានបង្កើតកម្មវិធីបង្រៀនតាមអនឡាញ ការរៀនតាមអនឡាញ ដើម្បីកុំឱ្យស្ទះទៅដល់ការរៀនសូត្ររបស់និស្សិតទាំងនិស្សិតខ្មែរ និងនិស្សិតចិន អញ្ចឹងគេយកនិស្សិតយើងដាក់ក្នុងការការពារមួយយ៉ាងខ្ពស់ រួចហើយបង្រៀនតាមអនឡាញ។ អញ្ចឹងប្រសិនបើយើងជម្លៀសនិស្សិតយើងចេញពីវូហាន ឬចេញពីប្រទេសចិន សួរថាតើគាត់អាចរៀនទាន់គេទេ នេះសំណួរទី១ ប៉ុន្តែធ្ងន់ជាងនេះ បើយើងចាកចេញមក តើចិននឹងអនុញ្ញាតឱ្យទៅរៀនវិញទេ នេះជាចំណុចដែលយើងត្រូវពិចារណាជាកញ្ចប់»។
សម្តេចតេជោ ថែមទាំងបានបញ្ជាក់ផងដែរថា មន្រ្តីជាន់ខ្ពស់ និងឧកញ៉ាទាំងអស់ដែលកំពុងមានវត្តមាននៅកូរ៉េ នឹងអមដំណើរសម្តេចតេជោ ហ៊ុន សែន ទៅកាន់ទីក្រុង វូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរនៅទីនោះផងដែរ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងសុវត្ថិភាពរបស់និស្សិតខ្មែរ នៅទីក្រុងវូហាននេះ លោក វ៉ាង វិនធាន (Wang Wentian) អគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា រដ្ឋាភិបាលចិននឹងបន្តធានាពីសុវត្ថិភាព និងសុខភាពជូនពលរដ្ឋកម្ពុជាទាំងអស់ ដែលកំពុងរស់នៅក្នុងប្រទេសចិន និងផ្តល់ជំនួយជូនដល់ពលរដ្ឋខ្មែរទាំងនោះ រាល់មានតម្រូវការចាំបាច់៕