(ក្រចេះ)៖ យុវយ ប្រុស-ស្រី មួយក្រុមទៅលេងទឹក បណ្ដាលឲ្យលង់បាត់ខ្លួន អស់រយៈពេលប្រហែលពីម៉ោង ទើបប្រទះឃើញសាកសពស្លាប់ ចំនួន២នាក់ និងសាកសពម្នាក់ទៀត រកមិនទាន់ឃើញ។ ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំនុចភូមិថ្មី២ ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ។

លោក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង បានឲ្យដឹងថា យុវជនមួយក្រុម មានគ្នាចំនួន៦នាក់ ទៅលេងទឹកទន្លេមេគង្គ ដែលមានខ្សាច់ដុះ ហើយបណ្ដាលឲ្យលង់ទឹកទាំង៦នាក់ តែមាន៣នាក់ បានជិះកង់ឡាន ទើបរួចពីផុតការលង់ទឹកស្លាប់ ហើយ៣នាក់ទៀត បានលង់ស្លាប់ តែរហូតពេលនេះ រកសាកសពម្នាក់ទៀត មិនទាន់ឃើញនៅឡើយ។

ជនរងគ្រោះទី១៖ មានឈ្មោះ ធិន ភក្រ្តា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុបានស្លាប់។ ជនរងគ្រោះទី២៖ ឈ្មោះ ឡេ ចាន់រក្សា ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ បានស្លាប់។ ដោយឡែកជនរងគ្រោះទី៣៖ ឈ្មោះ ខុន ធារ៉ា ភេទស្រី អាយុ១៤ឆ្នាំ រស់នៅ ភូមិព្រែកសំរោង ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង រកសាកសពមិនទាន់ឃើញនៅឡើយ។

លោកអធិការរូបនោះ បន្តទៀតថា ក្រោយពីទទួលដំណឹងភ្លាម កម្លាំងនគរបាលបានចុះ ទៅដល់កន្លែងកើតហេតុ ធ្វើការជួយរក ក៏ប្រទះឃើញសាកសព ចំនួន២នាក់។ នគរបាល បានពិនិត្យសាកសពជនរងគ្រោះ ឃើញថា ពិតជាស្លាប់ដោយសារ លង់ទឹកពិតប្រាកដមែន ហើយសាកសពទាំង២នាក់នោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យប្រពៃណី៕