(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំប្រគល់របាយការណ៍ជំងឺគ្រុនចាញ់ ជូនស្ថានទូតឥណ្ឌា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០, លោកវេជ្ជបណ្ឌិត ជា ហ៊ុច អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ នៃក្រសួងសុខាភិបាល បានស្នើដល់រដ្ឋាភិបាលប្រទេសឥណ្ឌា បន្ដការឧបត្ថម្ភគាំទ្របន្ថែមទៀត ក្នុងការជួយលុបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុង នៅកម្ពុជានៅក្នុងឆ្នាំ២០២៥ខាងមុខនេះ។

លោកវេជ្ជបណ្ឌិត ជា ហ៊ុច បានថ្លែងក្នុងកិច្ចប្រជុំ និងប្រគល់របាយការណ៍ជូនស្ថានទូតឥណ្ឌា អំពីលទ្ធផលបូកសរុបការងារអនុវត្ដគម្រោង ជំរុញការអនុវត្ដន៍ផ្ទាល់ដល់ថ្នាក់មូលដ្ឋាន សម្រាប់អន្ដរាគមព្យាបាលជំងឺគ្រុនចាញ់ និងការអប់រំសុខភាព ក្នុងការសុំានឹងថ្នាំជាច្រើនមុខនៅខេត្ដមណ្ឌលគិរី និងខេត្តឧត្តរមានជ័យ ដោយហៅកាត់ថា Community-Directed Intervention (CDI) ថា ការពង្រឹងការអប់រំសុខភាព និងការលេបថ្នាំព្យាបាលជំងឺគ្រុនចាញ់គ្រប់ចំនួននៅសហគមន៍ គឺមានសារៈសំខាន់ណាស់ ដើម្បីកាត់បន្ថយការរីករាលដាលភាពស៊ាំថ្នាំនៅក្នុងខេត្តទាំងពីរនេះ។

ជាលទ្ធផលសហគមន៍ទាំងអស់ របស់គម្រោងក្នុងខេត្តទាំងពីរ មានការយល់ដឹងអំពីការពារជំងឺគ្រុនចាញ់កាន់តែប្រសើរឡើង ហើយគ្រប់អ្នកជំងឺគ្រុនចាញ់ទាំងអស់ ដែលទទួលបានការព្យាបាល និងលេបថ្នាំគ្រប់ចំនួន ជាពិសេសអ្នកជំងឺគ្រុនចាញ់ដែលបានទទួលការព្យាបាល មិនមានអ្នកជំងឺណាម្នាក់ឈឺឡើងវិញនោះទេ។

លោកវេជ្ជបណ្ឌិត ជា ហ៊ុច បានថ្លែងបន្ដថា គម្រោងការធ្វើអន្តរាគមនៅតាមមូលដ្ឋាននេះ បានចូលរួមចំណែកពន្លឿនការងារលុបបំបាត់ជំងឺគ្រុនចាញ់កាន់តែប្រសើរ តែទោះជាយ៉ាងណាក៏ដោយ ក៏ត្រូវមានការសហការជួយឧបត្ថម្ភគាំទ្របន្ថែមពីដៃគូអភិវឌ្ឍ ដើម្បីទទួលបានជោគជ័យទៅតាមផែនការដែលបានកំណត់។

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ជា ហ៊ុច អនុប្រធានមជ្ឈមណ្ឌល ក៏បានថ្លែងអំណរគុណ និងប្រគល់របាយការណ៍ ជូនលោក B. Subba Rao លេខាធិការទី២ នៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ព្រមទាំងបានស្នើសុំដល់រដ្ឋាភិបាលប្រទេសឥណ្ឌា បន្តការគាំទ្រឧបត្ថម្ភ ដល់គម្រោងសិក្សាផ្សេងៗទៀត ជាពិសេសគម្រោងទាក់ទងទៅនឹងឱសថ ដែលមានភាពសាំនឹងជំងឺគ្រុនចាញ់ និងការទប់ស្កាត់នូវភាពសាយភាយ ជាពិសេសតំបន់តាមព្រំដែន ថៃ ឡាវ កម្ពុជា ដើម្បីឆ្ពោះទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងសុ្រងនៅកម្ពុជា នាឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ ២០១១-២០២៥ ដែលបានផ្តួចផ្ដើម និងគាំទ្រដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕