(ស្វាយរៀង)៖ រថយន្តរបស់មន្ត្រីនគរបាល បានបុកជាមួយម៉ូតូរបស់បុគ្គលិកធនាគារ ABA ម្នាក់បណ្តាលឱ្យម្ចាស់ម៉ូតូស្លាប់នៅតាមផ្លូវ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងវេលាម៉ោង៩៖១០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅលើផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៧ និង១៣៨ ស្ថិតក្នុងភូមិប្រសូតិ២ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាប បានបង្ហើបឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ព្រំ សារ៉ុន អាយុ៣០ឆ្នាំ មុខរបរជាបុគ្គលិកធនាគារ ABA រស់នៅភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខណៈជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1L-8090 ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តបង្កហេតុត្រូវបានស្គាល់ឈ្មោះ កឹម ស៊ីថ្ម អាយុ៥១ឆ្នាំ មុខរបរមន្ត្រីនគបាល រស់នៅភូមិអង្គស្វាយ ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ក្រោយឃើញសភាពការណ៍មិនស្រួលបើកទ្វាររថយន្តគេចខ្លួនភ្លាមៗ។

បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ទឹកមាស ពាក់ស្លាកលេខ បន្ទាយមានជ័យ ២A-២០៦០ លើកំណាត់ផ្លូវជាតិលេខ១ ដោយបើកបរមិនគោរពសិទ្ធិអាទិភាព ស្រាប់តែទៅបុកនឹងម៉ូតូមួយគ្រឿងជិះម្នាក់ឯង ក្នុងទិសដៅបញ្ចៀសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នកភូមិបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានបញ្ជូនជនរងគ្រោះមកកាន់មន្ទីពេទ្យបង្អែកស្រុកស្វាយទាប ដោយសភាពរងរបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យប្រទេសវៀតណាម បានស្លាប់ពាក់កណ្តាលផ្លូវ ត្រូវក្រុមគ្រួសារនាំមកធ្វើបុណ្យតាមប្រពៃណី។ ចំណែក ឯសមត្ថកិច្ចបានធ្វើការវាស់វែង និងអូសយកវត្ថុតាងរថយន្ត និងម៉ូតូមកកាន់អធិការដ្ឋាននគរបាលស្រុកស្វាយទាប ចាត់ការបន្តតាមច្បាប់។

សមត្ថកិច្ចនគរបាល បានបញ្ជាក់ថា មូលហេតុដោយសារតែអ្នកបើករថយន្តមិនគោរពសិទ្ធិអាទិភាព៕