(កណ្តាល)៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ កម្លាំងនគរបាលការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការគ្នា ជាមួយនគរបាលស្រុកកណ្ដាលស្ទឹង និងស្រុកកៀនស្វាយ បានចេញរថយន្តពន្លត់អគ្គិភ័យធុនធំជាច្រើនគ្រឿង ចុះបាញ់ទឹកលាងសំអាតផ្លូវចាប់ពីរង្វង់មូលតាខ្មៅ ដល់ស្តុបអា៩ និងលាងសំអាតនៅម្ដុំសួនច្បារក្រុងតាខ្មៅ ដើម្បីបង្កើនសោភណភាពផ្លូវជាតិ និងមុខមាត់ក្រិងតាខ្មៅ ពិសេសដោយចង់បានបរិស្ថានល្អស្អាត មុនពេលការដង្ហែរក្បួន បង្ហាញពានរង្វាន់ទីក្រុងស្អាតអាស៊ាន នៅថ្ងៃស្អែកព្រឹកនេះ ។

លោក អ៊ុល ប៊ុណ្ណា ស្នងការរងទទួលការងារអគ្គិភ័យ បានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តរួចមក លោកបានចាត់ឲ្យលោកនាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ដឹកនាំកងកម្លាំងនាំយករថយន្តពន្លត់អគ្គិភ័យធុនធំ ជាច្រើនគ្រឿងចេញបាញ់ទឹក លាងសំអាតផ្លូវជាតិ ឲ្យបានល្អស្អាត ឲ្យអស់ធូលីដីខ្សាច់ គ្រួសទាំងឡាយ។

អ្នកធ្វើដំណើរ និងពលរដ្ឋ មានផ្ទះជាប់ថ្នល់ជាតិ បានចូលរួមសាទរ និងត្រេកអរដោយបានឃើញពីសកម្មភាពនគរបាល ចុះមកសំអាតផ្លូវថ្នល់ ឲ្យបានស្អាតឡើងវិញ ហើយនេះក៏ជាមុខមាត់ទីក្រុងតាខ្មៅផងដែរ ដែលទទួលបានពានរង្វាន់ទីក្រុងស្អាតអាស៊ានពីទីក្រុងតាដារូសាឡាម នៃប្រទេសព្រុយណេ នាពេលកន្លងទៅថ្មីៗនេះ៕