(ភ្នំពេញ)៖ ក្នុងថ្ងៃទិវានៃក្ដីស្រលាញ់! ក្រុមការងារនៃបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយលោកវរសេនីយ៍ទោ ឈាង សុវណ្ណរតនា មេបញ្ជាការរង កងអន្តរាគមន៍ទ័ពពិសេស ២៤៦ នៃបញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២០នេះ បានចូលរួមចែករំលែកក្តីស្រលាញ់ដល់សង្គម តាមរយៈចុះចែកស្បៀងអាហារជូនពលរដ្ឋខ្វះខាតនៅនៅតាមដងផ្លូវនៅរាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ឈាង សុវណ្ណរតនា បានថ្លែងឱ្យដឹងថា «ការចុះចែកស្បៀងអាហារដល់ពលរដ្ឋខ្វះខាតនេះ ដើម្បីបង្កើតទម្លាប់ និងប្រែក្លាយទិវានៃក្ដីស្រលាញ់ ទៅជាវប្បធម៌នៃការចែករំលែក តាមរយៈសកម្មភាពមនុស្សធម៌នានា ដូចជា ការផ្ដល់ស្បៀងអាហារ និងសម្ភារជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាការចែករំលែកក្ដីស្រលាញ់មួយពោរពេញទៅដោយក្ដីសង្គ្រោះដ៏សែនកក់ក្ដៅ»។

លោកវរសេនីយ៍ទោ ឈាង សុវណ្ណរតនា បានថ្លែងបន្ដថា «ក្រុមការងារនៃបញ្ជាការដ្ឋានអង្គរក្សយើង ក្រៅពីការងារស្នូល ក្នុងការជួយការពារជាតិ មាតុភូមិ ដ៏សុខសាន្ដមួយនេះ គឺយើងតែងតែបំពេញកិច្ចការជួយប្រជាពលរដ្ឋយើងដែលខ្វះខាត តាមរយៈការងារមនុស្សធម៌នានា តាមរយៈការផ្ដល់ស្បៀងអាហារ ថវិកា ផ្ដល់ជូនការព្យាបាលដោយឥតគិតថ្លៃជាដើម, ជាក់ស្ដែងនៅថ្ងៃទិវានៃក្ដីស្រលាញ់នេះ ពួកយើងក៏មិនភ្លេចផងដែរ ក្នុងការផ្ដល់ជូននូវក្ដីស្រលាញ់ដ៏កក់ក្ដៅមួយនេះ ជូនពលរដ្ឋយើង ទៅតាមលទ្ធភាពដែលយើងអាចផ្ដល់ជូនបាន»។

នេះជាចំណែកមួយ ដែលអាចជួយកាត់បន្ថយភាពខ្វះខាត និងលើកកម្ពស់ជីវិតរបស់ពួកគាត់បានមួយកម្រិតផងដែរ ជាពិសេស ការផ្ដល់ក្ដីស្រលាញ់ និងការចេះជួយយកអាសារគ្នាទៅវិញទៅមក ដោយមិនប្រកាន់ និងរើសអើងពូជសាសន៍នោះឡើយ។

ក្នុងឱកាស លោកវរសេនីយ៍ទោ ក៏បានថ្លែងអំពាវនាវដល់យុវវ័យ ស្វែងយល់ឱ្យច្បាស់ ពី «Valentine's Day» ឬ «ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់» ដែលយុវវ័យមួយចំនួនហៅថា «ថ្ងៃបុណ្យសង្សារ» តែថ្ងៃនេះជាថ្ងៃដែលរៀបចំ ដើម្បីរំលឹកដល់សេចក្តីស្រលាញ់របស់បព្វជិតជនជាតិរ៉ូមុំាង ដែលសុខចិត្តលះបង់ជីវិត ដើម្បីការពារសេចក្តីស្រលាញ់។

ចូលរួមទាំងអស់គ្នាទិវានៃក្តីស្រលាញ់ ចូលរួមការងារមនុស្សធម៍ និង ចែកក្តីស្រលាញ់ដល់ចាស់ៗ និងអ្នកមានគុណទាំងអស់គ្នា៕ អគុណសន្តិភាព !!!