(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ តាមរយៈលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានរួមគ្នាដោះស្រាយបញ្ហាសុខភាព ពាក់ព័ន្ធនឹងវីរុសកូរ៉ូណាថ្មី (Covid-19) ពិសេសពន្លឿនការពិនិត្យសុខភាពជូន ភ្ញៀវទេសចរដែលបន្ដចុះពីនាវា Westerdam នៅខេត្តព្រះសីហនុ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងយ៉ាងដូច្នេះថា «សូមអរគុណជាអនេក និងកោតសរសើរដោយស្មោះជូនដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានជួយដោះស្រាយ បញ្ហាសុខភាពពាក់ព័ន្ធនឹងវីរុសកូរ៉ូណាថ្មី (Covid-19) មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជានោះទេ គឺសម្រាប់ប្រជាជនទាំងអស់មិនថា សញ្ជាតិណា ឬសញ្ជាតិណាឡើយ។ សូមឲ្យពួកគាត់បានជួបប្រទះតែសុខភាពល្អ និងពុទ្ធពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លាងឃ្លៀតឡើយ»

រហូតមកដល់ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមមន្រ្តីកម្ពុជាដែលក្នុងនោះមានក្រុមគ្រូពេទ្យ មន្រ្តីចត្តាឡីស័ក្ត និងមន្រ្តីរៀបចំបែបបទ បាននិងកំពុងបន្តពន្លឿនការត្រួតពិនិត្យ និងផ្តល់បែបបទជូនដល់ភ្ញៀវទេសចរ ដើម្បីចុះពីនាវាទេសចរណ៍ Westerdam ហើយទៅកាន់កន្លែងផ្សេងៗ។ នេះបើតាម លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបាន ការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នាវាយក្សនេះដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។

បន្ទាប់ពីបានចូលចតនៅកំពុងផែព្រះសីហនុ និងឆ្លងកាត់ការត្រួតពិនិត្យសុខភាព អ្នកទេសចរទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាត ឱ្យធ្វើដំណើរកម្សាន្តដោយសេរី នៅក្នុងប្រទេសកម្ពុជា ឬចាកចេញតាមជើងយន្តហោះ បើសិនជាពួកគេចង់ចាកចេញ។

ស្ថានទូតប្រទេសជាច្រើនទាំងអាមេរិក និងអឹរ៉ុប ព្រមទាំងអង្គការ WHO សុទ្ធតែបានថ្លែងអំណរគុណ និងកោតសរសើរចំពោះទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់នាវាយក្សនេះ ឱ្យចុះចត៕