(ភ្នំពេញ)៖ គិតត្រឹមវេលាថ្ងៃត្រង់ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ មានភ្ញៀវទេសចតាម នាវាទេសចរណ៍ Westerdam ចំនួន ៥៤៣នាក់ទៀត បាន និងកំពុងហោះហើរចេញព្រលានយន្តហោះកងកេង ខេត្តព្រះសីហនុ តាមជើងយន្តហោះចំនួន ៤ជើង មកកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាមលោក ឃាង ភារម្យ សម្រាប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ តាមផែនការក្រុមភ្ញៀវទេសចរ នឹងធ្វើដំណើរតាមយន្តហោះចេញពីខេត្តព្រះសីហនុចំនួន ៦ជើង ប៉ុន្តែគិតត្រឹមថ្ងៃត្រង់នេះ បានចំនួន ៤ជើងហើយ នៅសល់ ២ជើងទៀត អាចនឹងហោះចេញនាពេលបន្ទាប់ បើសិនរៀបចំរួចរាល់នោះ។

លោកបានបញ្ជាក់ថា៖

* ជើងហោះហើរទី១ ចេញម៉ោង ០៨និង១០នាទីព្រឹក មានអ្នកដំណើរចំនួន ១២៤នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ)

* ជើងហោះហើរទី២ ចេញម៉ោង ០៨និង៣០នាទីព្រឹក មានអ្នកដំណើរចំនួន ១៤៣នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)

* ជើងហោះហើរទី៣ ចេញម៉ោង ០៩និង៥៨នាទីព្រឹក មានអ្នកដំណើរចំនួន ១៥៨នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)

* ជើងហោះហើរទី៤ ចេញម៉ោង ១២និង៥០នាទី មានអ្នកដំណើរចំនួន ១១៨នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)

សូមបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នាវាយក្សនេះដឹកមនុស្សសរុបជាង ២២០០នាក់ ក្នុងនោះអ្នកដំណើរ ១៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ (អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។

បន្ទាប់ពីបានចូលចតនៅកំពុងផែព្រះសីហនុ និងឆ្លងកាត់ការត្រួតពិនិត្យសុខភាព អ្នកទេសចរទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាត ឱ្យធ្វើដំណើរកម្សាន្តដោយសេរី នៅក្នុងប្រទេសកម្ពុជា ឬចាកចេញតាមជើងយន្តហោះ បើសិនជាពួកគេចង់ចាកចេញ។

ស្ថានទូតប្រទេសជាច្រើនទាំងអាមេរិក និងអឹរ៉ុប សុទ្ធតែបានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់នាវាយក្សនេះ ឱ្យចុះចត៕