(ភ្នំពេញ)៖ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានជួបសំណេះសំណាល ជាមួយសមាជិក-សមាជិកា អតីតយុទ្ធជនចំនួនប្រមាណ៥៤០នាក់ នៃសមាគមអតីយុទ្ធជន ក្នុងខណ្ឌច្បារអំពៅ ដោយពិសានំបញ្ចុកសាមគ្គី ប្រកបដោយភាពរីរាយ និងស្និទ្ធស្នាល។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីលោកស្រី ឡោក ខេង សមាជិការរដ្ឋសភា និងជាប្រធានក្រុមការងារ ចុះជួយខណ្ឌច្បារអំពៅ, លោក អ៊ុ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងសមាជិកអតីតយុទ្ឋជាច្រើនរូបផងដែរ។

លោក អេម សារ៉ាវុធ អធិការខណ្ឌច្បារអំពៅ និង ជាប្រធានសមាគមអតីតយុទ្ធជន ខណ្ឌច្បារអំពៅ បានឲ្យដឹងថា សមាគមអតីតយុទ្ធជន ខណ្ឌច្បារអំពៅ បានបង្កើតឡើង ថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៧ ហើយគណៈកម្មការ ខណ្ឌច្បារអំពៅ ស.អ.ក បង្កើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។

លោកបន្ដទៀតថា រហូតមកដល់ឆ្នាំ២០១៩ អតីតយុទ្ធជនដែលកំពុង ទទួលរបបគោលនយោបាយដែលកំពុងគ្រប់គ្រងក្នុងបញ្ជីរសរុបចំនួន៧៨៩នាក់។ សមាជិកសមាគមអតីតយុទ្ធជន ដែលកំពុងគ្រប់គ្រងក្នុងបញ្ជីចំនួន៦៦២នាក់។

លោកបានបន្ថែមថា សមាជិកអតីតយុទ្ធជន ដែលបានធ្វើបច្ចុប្បន្នភាពជាក់ស្តែង ចំនួន៥៤០នាក់ និងសមាជិករកមិនឃើញ និងនៅក្រៅតំបន់ខណ្ឌច្បារអំពៅ ចំនួន១១២នាក់។ គ្រប់មុខសញ្ញា នៃអតីតយុទ្ធជនទាំងអស់ ត្រូវបានបើកប្រាក់បៀរវត្សតាមប្រព័ន្ធធនាគារ។ ចំណែកសមាជិករបស់សមាគមអតីតយុទ្ធជន ក៍កំពុងតែអនុវត្តតាមលក្ខន្តិកៈ របស់សមាគមដោយរលូនផងដែរ។

លោក ចេង មុនីរ៉ា បានសំដែងនូវក្តីសប្បាយរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះអតីតយុទ្ធជនទាំងអស់ ដែលកន្លងមក បានខិតខំប្រឹងប្រែង បំពេញការងារជូនជាតិដោយមិនស្តាយស្រណោះពីអាយុជីវិត ក្នុងនាមជាយុទ្ធជនការពារទឹកដី និងសេចក្តីសុខសាន្តជូនប្រជាជន។

លោកអភិបាលខណ្ឌ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេច តេជោ ហ៊ុន សែន នៅតែបន្តយកចិត្តទុកដាក់ គិតគូរយ៉ាងខ្លាំងដល់អតីតយុទ្ធជន។

នៅក្នុងឱកាសនោះដែរ លោកក៏បានប្រកាសលើកទឹកចិត្ត បញ្ចូលសមាជិកអតីតយុទ្ធជន ចូលក្នុងសមាគមមនុស្សចាស់ ក្នុងខណ្ឌច្បារអំពៅ និងព្រមទាំងបានផ្តល់ ប្រាក់ឧបត្ថម្ភដល់សមាជិក សមាជិកាអតីតយុទ្ធជន ដែលបានចូលរួមក្នុងពិធី ម្នាក់ៗទទួលបាន៤ម៉ឺនរៀលផងដែរ៕