(ព្រះវិហារ)៖ ប្រជាកសិករនៅក្នុងខេត្តព្រះវិហារ ដែលបានចុះកិច្ចសន្យាលក់ដំឡូងមីសរីរាង្គជូនក្រុមហ៊ុន មានការសប្បាយរីករាយក្នុងចិត្ត ដោយសារតម្លៃទីផ្សាដែលលក់ជូនក្រុមហ៊ុនតាមកិច្ចសន្យា ខ្ពស់ជាងតម្លៃទីផ្សារដែលឈ្មួញដើរទិញខាងក្រៅ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះថា នៅក្នុងខេត្តព្រះវិហារ មានសហគមន៍កសិកម្មចំនួន០៨ បានចុះកិច្ចសន្យាលក់ដំឡូងមីសរីរាង្គជូនក្រមហ៊ុន Thai Wha តាមរយៈសាជីវកម្មសហគមន៍កសិកម្មកម្ពុជាCACC។

លោកប្រធានមន្ទីរ បានបញ្ជាក់ឲ្យដឹងទៀតថា គិតត្រឹមពាក់កណ្តាលខែកុម្ភះឆ្នាំ២០២០នេះ ក្រុមហ៊ុនបានប្រមូលដំឡូងមីដឹកចេញបានប្រមាណ ៥០០០តោន។ លោកថា ដោយអនុវត្តកសិកម្មតាមកិច្ចសន្យា ប្រជាសហគមន៍ខេត្តព្រះវិហារសប្បាយចិត្ត ដោយលក់ដំឡូងមីស្រស់បានតម្លៃចាប់ពី ៣៧៤រៀល ទៅ ៣៩០រៀល ក្នុងមួយគីឡូក្រាម បើធៀបនិងតម្លៃឈ្មួញទិញខាងក្រៅគឺមានការខ្ពស់ជាង។

លោក ពឹង ទ្រីដា បានគូសបញ្ជាក់ទៀតថា ការអនុវត្តកសិកម្មតាមកិច្ចសន្យា គឺប្រជាកសិករមានទីផ្សារស្រាប់ មិនភយ័ខ្លាចឈ្មួញក្រឡុក។ ម្យ៉ាងវិញទៀត កសិករទទួលបានជំនួយបច្ចេកទេស និងចំណេះដឹងផ្សេងៗ ក៏ដូចជា ទទួលបានកម្ចីពីស្ថាបន័ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់សមរម្យទៀតផង ពិសេស ការលក់ដំឡូងតាមកិច្ចសន្យានេះមិនមានកាត់ភាគរយ ដោយដំឡូង ១តោន ទូទាត់ថវិកាជូន 1000kg ខុសគ្នាពីឈ្មួញកណ្តាលបច្ចុប្បន្នបានកាត់ភាគរយទម្ងន់ពី 10-15%៕