(កំពង់ធំ)៖ ប្រជាពលរដ្ឋជាគ្រួសារចាស់ជរាគ្មានទីពឹង ទីទ័លក្រ និងគ្រួសារជនពិការចំនួន ៤៥គ្រួសារ មកពី ១៣ឃុំស្រុកស្ទោង ត្រូវបានលោក យឹម លាត អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ នាំយកគ្រឿងឧបភោគ បរិភោគទៅចែកជូននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

លោក យឹម លាត បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងចូលរួម រំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋបានមួយគ្រាផងនោះ ថ្ងៃនេះក្រុមហ៊ុន អិនស៊ីអិច សហការជាមួយក្រុមហ៊ុន ហុងដា ង៉ូវ វង្សឆាយ បានបង្កើតកម្មវិធីសប្បុរសធម៌មួយគឺ កម្មវិធីផ្ដល់ភាពកក់ក្តៅដល់ចាស់ជរា ដើម្បីចែករំលែកក្តីស្រឡាញ់ស្នាមញញឹម និងភាពកក់ក្តៅជូនចំពោះលោកយាយ លោកតា ជាពិសេសដើម្បីពង្រឹងវប្បធម៌ចែករំលែកជូនគ្នា ទៅវិញទៅមកក្នុងគោការស្រឡាញ់រាប់អានផ្ដល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក។

លោកបានបន្តថា ការផ្តល់ស្បៀងអាហារ និងសម្ភារប្រើប្រាស់ថ្ងៃនេះ គឺមិនបានបែងចែកវណ្ណៈពណ៌សម្បុរ ឬប្រកាន់បក្សនយោបាយអ្វីឡើយ គឺផ្តល់ជូនគ្រួសារជួបការលំបាកពិតប្រាកដជាក់ស្តែង។

លោកបានបន្តទៀតថា «ទោះបីការផ្តល់ជាអំណោយមនុស្សធម៌ថ្ងៃនេះមានតិចតួច មិនបានជួយដល់បងប្អូនយូរអង្វែងក៏ដោយ ប៉ុន្តែវាអាចជួយដោះស្រាយបងប្អូននៅពេលលំបាកបានមួយគ្រាដែរ»

ក្នុងពិធីនោះលោក យឹម លាត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត សុំឲ្យពួកគាត់នាំគ្នាដាំបន្លែរួមផ្សំ បន្ថែមនៅតាមផ្ទះរបស់ខ្លួន ដើម្បីជួយរកប្រាក់ចំណូលសម្រាប់ ផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារ និងមានការប្រុងប្រយ័ត្នខ្ពស់ ទៅលើផ្នែកអនាម័យ ដូចការបរិភោគសាច់ឆៅ បន្លែឆៅ ទឹកឆៅដែលបណ្តាលអោយមានការរាគរុះ បង្កជាជម្ងឺឆ្លងផ្សេងៗ ធ្វើឲ្យប៉ះពាលដល់សុខភាព។ សម្ភារដែលទទួលបានក្នុង១គ្រួសារមានអង្ករ ៥០គីឡូក្រាម មី ១កេះ ទឹកក្រូច ១កេះ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ មុង ភួយ សារ៉ុង សាប៊ូ អាវភ្លៀង និងថវិកា៦ម៉ឺនរៀល៕