(វ៉ាស៊ីនតោន)៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអាល្លឺម៉ង់បានបង្ហើបឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានកាត់ផ្តាច់ ការចែករំលែកព័ត៌មានសម្ងាត់ជាមួយប្រទេសណា ដែលហ៊ានហុចដៃស្វាគមន៍ក្រុមហ៊ុន Huawei របស់ចិន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅក្នុងប្រទេសអាល្លឺម៉ង់ លោក រីឆាដ ហ្គ្រេណែល (Richard Grenell) បានប្រាប់ថា លោក ដូណាល់ ត្រាំ បានណែនាំរូបលោកធ្វើយ៉ាងណាបញ្ជាក់ឲ្យបានច្បាស់ថា ប្រទេសទាំងឡាយដែលជ្រើសរើសប្រើប្រាស់ ក្រុមហ៊ុនផ្គត់ផ្គង់បណ្តាញ 5G ដែលមិនគួរឲ្យទុកចិត្ត នឹងបំផ្លាញដល់សមត្ថភាពចែករំលែកព័ត៌មានសម្ងាត់របស់អាមេរិក ក្នុងកម្រិតខ្ពស់បំផុត។
គួរជម្រាបថា ទីក្រុងវ៉ាស៊ីនតោនបានបន្តប្រឹងប្រែងដាក់សម្ពាធលើសម្ព័ន្ធមិត្តរបស់ខ្លួន កុំឲ្យស្វាគមន៍ Huawei ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតមួយនៅលើពិភពលោក ឲ្យចូលទៅពាក់ព័ន្ធក្នុងការស្ថាបនាបណ្តាញសេវាជំនាន់ថ្មី 5G នៅក្នុងប្រទេសពួកគេ ជាមួយការអះអាងថា វាគឺជាហានិភ័យយ៉ាងធំមួយផ្នែកសន្តិសុខជាតិ។
យ៉ាងណាមិញ សម្ព័ន្ធមិត្តធំៗរបស់អាមេរិកនៅអឺរ៉ុប ដូចជាចក្រភពអង់គ្លេស និងបារាំង បានប្រកាសរួចទៅហើយថា ពួកគេនឹងមិនហាមក្រុមហ៊ុន Huawei ពីការចូលរួមស្ថាបនាបណ្តាញ 5G ឡើយ ប៉ុន្តែនឹងដាក់ការរឹតត្បិតមួយចំនួន។ សហរដ្ឋអាមេរិកមិនទាន់បញ្ចេញប្រតិកម្មផ្លូវការណាមួយនៅឡើយទេ ប៉ុន្តែមានសេចក្តីរាយការព័ត៌មានថា លោក ត្រាំ បានការខឹងសម្បារនឹងទីក្រុងឡុងដ៍ជាខ្លាំង ហើយនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន (Boris Johnson) ក៏បានលុបចោលគំរោងធ្វើទស្សនកិច្ច ទៅកាន់អាមេរិករួចហើយដែរ៕