(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានកិត្តិយស «ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី» បានសម្តែងការមិនសប្បាយចិត្តនោះឡើយ ចំពោះការផ្សាយ «Live» លក់ផលិតផលតាម Facebook ដែលបញ្ចេញអស់កេរ្តិ៍ខ្មាស។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឱ្យបិទរាល់គណនី Facebook ផ្សាយលក់ផលិតផលដែលបញ្ចេញអស់កេរ្តិ៍ខ្មាសទាំងនេះ ចំណែកអ្នកមិនបញ្ចេញកេរ្តិ៍ខ្មាស់មិនអីនោះទេ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ការ Live បែបនេះនាំឱ្យមានការបំពានផ្លូវភេទស្រីក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឱ្យកើតមានការណីចាប់រំលោភផងដែរ។
បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រីនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា បច្ចុប្បន្នការលក់ផលិតផលតាមអនឡាញលើបណ្តាញសង្គម Facebook ជាពិសេសផលិតផលថែរក្សាសម្រស់ ឬកែសម្ផស្សជាដើមនោះ កំពុងក្លាយទៅជារបបកាកកបមួយ។ អ្នកលក់ផលិតផលខ្លះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ គឺហ៊ានបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាសមួយចំនួនថែមទៀតផង៕