(ភ្នំពេញ)៖ បើទោះបីគណៈកម្មការអឺរ៉ុប បានសម្រេចកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាក្តី ក៏មានរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតការបូបថ្មីៗ នៅតែបន្តបើកនៅកម្ពុជាដដែល។
ជាក់ស្តែងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសក្នុង Facebook ផ្លូវការរបស់ខ្លួនថា ខ្លួនទើបសម្រេចឲ្យគម្រោងវិនិយោគ បើករោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតការបូបថ្មីៗចំនួន៤ទៀត សរុបទុនវិនិយោគជិត១២លានដុល្លារអាមេរិក។
រោងចក្រទាំង៤ដែលទើបសម្រេចឲ្យបើកដំណើរការនោះរួមមាន៖
១៖ ក្រុមហ៊ុន XIN LIAN XIN ELASTIC & STRING (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូបគណៈកម្មាធិការវិនិយោគ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២៧កន្លែង។
២៖ ក្រុមហ៊ុន HUAKUAN (CAMBODIA) GARMENTS CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅសួនឧស្សាហកម្មកាណាឌីយ៉ា អគារលេខ១៣ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៣កន្លែង។
៣៖ ក្រុមហ៊ុន J.D. LEATHER GOODS (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូប ខ្សែក្រវាត់ និងវ៉ាលីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២៨៨កន្លែង។
៤៖ ក្រុមហ៊ុន GIVEN CLOTHING GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងព្រះ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០២១កន្លែង។
សូមជម្រាបថា សូមជម្រាបថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប (EU) បានចេញសេចក្តីសម្រេចកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA។ តាមការវាយតម្លៃរបស់ផ្នែកឯកជន ការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ មានទឹកប្រាក់ប្រមាណ១៤០លានដុល្លារអាមេរិក លើកផលិតផល៤០មុខរបស់កម្ពុជា។
ជុំវិញការសម្រេចនេះ រាជរដ្ឋាភិបាល និងវិស័យឯកជនរបស់កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយ ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដោយសម្រេចព្យួរផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ចំពោះប្រទេសកម្ពុជា។ កម្ពុជាចាត់ទុកថា ការដកនេះជាការអនុវត្តស្តង់ដារពីរ និងជាការសម្រេចដោយអយុត្តិធម៌៕