(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសជាថ្មីម្ដងទៀតថា បើកម្ពុជាមិនអនុញ្ញាតឱ្យនាវា Westerdam ចូលចតទេនោះ នឹងក្លាយទៅជាវិបត្តិមនុស្សធម៌ក្នុងសកលលោក ហើយកម្ពុជាមានទំនួលខុសត្រូវខ្ពស់លើអ្នកទេសចរលើនាវា ត្រូវបានពិនិត្យសុខភាពយ៉ាងល្អិតល្អន់ ដើម្បីបញ្ជាក់ថា គ្មានជំងឺដែលបង្កដោយវីរុសកូរ៉ូណា ឬ Covid-19។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុបជិត២០០០នាក់ នៅវិទ្យាស្ថានជាតិអប់រំ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការអនុញ្ញាតឲ្យនាវា Westerdam ចូលចតជាការបំពេញនូវកិច្ចការមនុស្សធម៌ ក្នុងនាមជាសមាជិកក្នុងអង្គការអន្តរជាតិនានា ហើយសម្ដេចថា កាលនោះប្រសិនរកឃើញថា អ្នកនៅលើនាវាមានផ្ទុកវីរុសកូរ៉ូណា សម្ដេចនឹងឲ្យចូលមកកាន់តែលឿនបំផុត ដើម្បីព្យាបាល។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំយកការទទួលខុសត្រូវ ក្នុងឋានៈជាអ្នកអនុវត្តនូវគោលការណ៍មនុស្សធម៌មួយ ចំពោះពលរដ្ឋ នៃប្រទេសដ៏ទៃដែលយើងជាសមាជិកនៃអង្គការសហប្រជាជាតិ ជាសមាជិកនៃអង្គការសុខភាពពិភពលោក និងជាបណ្ដាញនៃការទទួលខុសត្រូវ បើទោះបីថាវាមាន (ផ្ទុកវីរុសកូរ៉ូណា) យើងឲ្យចូលមក ហើយយើងនាវា ទៅដឹកអ្នកជំងឺឡើងមកដាក់សម្រាប់ការព្យាបាល ដើម្បីកុំឲ្យរីករាលដាលនេះជាកិច្ចការ ដែលយើងគួរធ្វើ ហើយត្រូវតែធ្វើ ដែលយើងបានធ្វើ ហើយមិនមែនគួរនោះទេ»។
នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា ករណីនេះមិនមែនកម្ពុជា សុខៗនាំជំងឺចូលមកនោះទេ ប៉ុន្ដែជាការកាតព្វកិច្ចមនុស្សធម៌ និងជាការទទួលខុសត្រូវខាងសីលធម៌ និងជាការរួមចំណែកសាមគ្គីភាព ដើម្បីដោះស្រាយបញ្ហាដែលប្រឈមថ្នាក់តំបន់ និងសកលនៅពេលនេះ អំពីវីរុសកូរ៉ូណា ឬ Covid-19។
រហូតមកដល់ពេលនេះ បើទោះបីលទ្ធផលបង្ហាញយ៉ាងច្បាស់ថា ភ្ញៀវទេសចរនៅលើនាវា Westerdam គ្មានផ្ទុកវីរុសកូរ៉ូណាក៏ពិតមែន ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យបន្ដធ្វើការងារនេះ ពោលបន្តយកចិត្តទុកដាក់លើការងារជួយអ្នកលើនាវាទេសចរ រហូតដល់ចប់ចុងចប់ដើម ដើម្បីបង្ហាញពីការទទួលខុសត្រូវរបស់កម្ពុជា។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវការកោតសរសើរ ចំពោះក្រសួងសុខាភិបាល, គ្រូពេទ្យទាំងអស់ដែលបានចូលរួមនូវប្រតិបត្តិការនេះ, វិទ្យាស្ថានប៉ាស្ទ័រ, ដៃគូអភិវឌ្ឍន៍ និងស្ថាប័នដែលមានភារកិច្ច រួមមាន អាកាសចរស៊ីវិល, អាជ្ញាធរខេត្តព្រះសីហនុ, អាជ្ញាធររាជធានីភ្នំពេញ, កំពង់ផែក្រុងព្រះសីហនុ ដែលបានរួមដោះស្រាយវិបត្តិមនុស្សធម៌ រហូតនាវាចាកចេញពីកម្ពុជា។
គួរជម្រាបថា រហូតមកដល់ពេលនេះ ភ្ញៀវទេសចរនៅលើនាវា Westerdam ប្រមាណ១,០០០នាក់ហើយ បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសកំណើត ខណៈទាំងអ្នកបម្រើការងារ និងទេសចរណ៍លើនាវានៅសល់ប្រមាណ១០០០នាក់ ក្នុងអំឡុងពេលស្នាក់នៅបណ្ដោះអាសន្ននេះភ្ញៀវទេសចរទាំងអស់ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ពីអាជ្ញាធរ និងសមត្ថកិច្ចរបស់កម្ពុជា៕