(ភ្នំពេញ)៖ នៅព្រឹកសៅរ៍ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០នេះ ជាថ្ងៃចុងសប្តាហ៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញលេងកីឡាវាយកូនគោល នៅ City Golf ក្នុងរាជធានីភ្នំពេញ សម្តេចបានបង្ហោះសារថា ទេវតាពិតជាមានភ្នែក កម្ពុជាទទួលបានយុត្តិធម៌ ពីអំពើមនុស្សធម៌របស់ខ្លួន ដែលធ្វើចំពោះអ្នកដំណើរជាង២០០០នាក់ របស់នាវាខ្នាតយក្ស Westerdam បន្ទាប់ពីម៉ាឡេស៊ីប្រកាសអំពីការគ្មានផ្ទុកជំងឺ COVID-19 លើស្ត្រីជនជាតិអាមេរិក វ័យ៨៣ឆ្នាំ កាលពីម្សិលមិញនេះ។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការមិនទទួលខុសត្រូវរបស់ជនបរទេស ដែលពិនិត្យសុខភាពរបស់ស្ត្រីជនជាតិអាមេរិក ដែលជិះលើនាវា Westerdam បានធ្វើឲ្យកម្ពុជាក្លាយជាជនរងគ្រោះ នៃទង្វើមនុស្សធម៌របស់ខ្លួន អស់រយៈពេលជិត១សប្តាហ៍ ប៉ុន្តែពេលនេះទេវតាពិតជាមានភ្នែក កម្ពុជាទទួលបានភាពយុត្តិធម៌មកវិញ។
ជាមួយគ្នានេះ ឆ្លើយតបនឹងជនអគតិមួយចំនួន ដែលបំភ្លៃព័ត៌មានថា សម្តេចតេជោឆ្លងជំងឺកូរ៉ូណាថ្មី កំពុងនៅមន្ទីរពេទ្យសិង្ហបុរីនោះ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកពួកនោះជាបិសាច ព្រោះពេលនេះ សម្តេចកំពុងលេងកីឡាវាយកូនគោល នៅរាជធានីភ្នំពេញ ជាមួយនឹងសុខភាពមាំមួន មិនមានបញ្ហាអ្វីទាំងអស់។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ការមិនទទួលខុសត្រូវរបស់ជនបរទេសខ្លះ លើការពិនិត្យសុខភាពរបស់ភ្ញៀវទេសចរ ដែលជិះលើនាវា Westerdam បានធ្វើឱ្យកម្ពុជាក្លាយជាជនរងគ្រោះ នៃទង្វើមនុស្សធម៌របស់ខ្លួនអស់រយៈពេលជិតមួយសប្តាហ៍។ ទេវតាពិតជាមានភ្នែក ពេលនេះអ្វីៗច្បាស់លាស់ ហើយដែលកម្ពុជាទទួលបានយុត្តិធម៌មកវិញ។ មិនមានមនុស្សណាម្នាក់ ដែលជិះលើនាវាខ្នាតយក្ស Westerdam ឆ្លង Covid-19 នោះទេ។ សម្រាប់ខ្ញុំកំពុងវាយកូនគោលនៅ City golf នៅភ្នំពេញមិនមែនស្ថិតក្នុងមន្ទីរពេទ្យនៅ Singapore ដូចពួកបិសាចឃោសនានោះដែរ»៕