(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានតបទៅនឹងការចេញផ្សាយរបស់ព័ត៌មាន BBC ថា ការសម្រេចចិត្តឱ្យនាវាទេសចរណ៍ Westerdam ជាមួយអ្នកដំណើរជាង២ពាន់នាក់ចូលចតនៅកម្ពុជា គឺជាកាយវិការមនុស្សធម៌សុទ្ធសាធ មិនមែនជាការទិញទឹកចិត្តប្រទេសណាមួយនោះឡើយ។
ការសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យនាវាទេសចរណ៍ Westerdam ចូលចតនៅកំពុងផែក្នុងប្រទេសកម្ពុជាំ នាំឱ្យមានការមើលឃើញក្នុងទិដ្ឋភាពផ្សេងៗគ្នា។ មនុស្សជាច្រើន រួមទាំងអ្នកនៅលើនាវាផងបានស្ញប់ស្ញែង និងមើលឃើញថា ការសម្រេចចិត្តរបស់សម្តេចតេជោ ជាកាយវិការពោរពេញដោយមនុស្សធម៌។ តែមានមនុស្សមួយចំនួនបែរជាវាយតម្លៃថា សម្តេចតេជោ ហ៊ុន សែន មើលឃើញផលចំណេញផ្នែកនយោបាយ និងទាញបានការគាំទ្រទើបអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិកមួយនេះចូលចត។
អ្នកព័ត៌មានរបស់ BBC ប្រចាំអាស៊ីអាគ្នេយ៍ លោក Jonathan Head បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន បានមើលឃើញឱកាសជួសជុលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងបង្វែការចាប់អារម្មណ៍រឿងសហភាពអឺរ៉ុបព្យួរប្រព័ន្ធអនុគ្រោះពន្ធជាដើម ទើបអនុញ្ញាតឱ្យនាវានេះចូលចត។
ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ជនរួមជាតិលើវិធានការដោះស្រាយបញ្ហាប្រឈមចំពោះសេដ្ឋកិច្ចកម្ពុជា ដែលបង្កដោយជំងឺផ្លូវដង្ហើមកើតពីមេរោគ «COVID19» និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការសម្រេចឱ្យនាវា Westerdam ចូលចត គឺជារឿងមនុស្សធម៌សុទ្ធសាធ ហើយសម្តេចក៏មិនបានដឹងថា មានជាតិសាសន៍ណាខ្លះនោះដែរ ពេលសម្តេចឱ្យចូលចតនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា បន្ទាប់ពីប្រទេសជាច្រើនឱ្យនាវានេះចូលចត ហើយបើសម្តេចមិនឱ្យចូលចតទៀត តើជោគវាសនានាវា និងមនុស្សលើនាវានេះនឹងត្រូវក្លាយទៅជាយ៉ាងណា?
«ខ្ញុំសូមបញ្ជាក់ថា នេះជាសកម្មភាពមនុស្សធម៌សុទ្ធសាធ។ ខ្ញុំមិនបានដឹងជនជាតិណាខ្លះនៅលើនាវានោះទេ អ្វីដែលខ្ញុំបានដឹងនាវានេះវាជិតដាច់ស្បៀងហើយ វាជិតអស់ប្រេងហើយ វាទៅកន្លែងនេះក៏គេមិនឱ្យចូល ទៅកន្លែងវាមិនឱ្យចូល។ អ្វីដែលជាការគិតរបស់ខ្ញុំពិតប្រាកដ បើកម្ពុជាមិនឱ្យចូលតើនាវានេះ វានឹងទៅដល់ណា? មនុស្សប៉ុន្មាននាក់នឹងស្លាប់? ហើយស្លាប់ទៅគេយកទៅកប់នៅឯណា? ឬគេបោះចោលក្នុងសមុទ្រ?»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ។
សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងដែរថា សម្តេចអត់ត្រូវការប្រើប្រាស់នូវមនុស្សធម៌ ដើម្បីតម្រូវចិត្ត ឬទិញទឹកចិត្តពីប្រទេសណាមួយនោះឡើយ។ «ខ្ញុំអត់មានត្រូវការប្រើប្រាស់នូវមធ្យោបាយមនុស្សធម៌ ដើម្បីតម្រូវចិត្ត ដើម្បីទិញទឹកចិត្តអ្វីម្យ៉ាងនោះទេ។ ប៉ុន្តែបើគេមើលឃើញថា អាហ្នឹងវាល្អ គេផ្តល់ការគាំទ្រអាហ្នឹងជាហេតុផលសមរម្យរបស់គេ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការសោកស្តាយផងដែរថា ចំពោះអ្នកព័ត៌មាន BBC ដែលបានមើលសម្រាលចំពោះទឹកចិត្តមនុស្សធម៌របស់សម្តេច ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា។ សម្តេចតេជោ ចាត់ទុកការគិតឃើញរបស់អ្នកព័ត៌មានរូបនេះថា មានភាពស្មោគគ្រោក។
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ «ខ្ញុំមិននឹកស្មានថា ពួកអ្នកដែលតាំងខ្លួនជាអ្នកចេះដឹងនៅអរិយប្រទេស បែរជាមានចរិតស្មោគគ្រោកមើលស្រាលទៅដល់ទឹកចិត្តមនុស្សធម៌នៃប្រទេសតូចតាច។ ខ្ញុំគ្រាន់តែចង្អុលប្រាប់អ្នកឯងថា ខួរក្បាលអ្នកឯងអន់ណាស់ ប៉ុន្តែពួកអ្នកឯងមានសំណាងកើតនៅប្រទេសអ្នកមានប៉ុណ្ណោះ។ តែខួក្បាលអ្នកឯងមិនប្រាកដថាពូកែជាងខួក្បាលពលរដ្ឋកម្ពុជា។ គ្រាន់តែពលរដ្ឋកម្ពុជា បានកើតនៅក្នុងប្រទេសក្រីក្រតែប៉ុណ្ណោះ»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានហៅទឹកចិត្តរបស់អ្នកព័ត៌មាន BBC រូបនេះ ជាផ្នែកមួយនៃអំពើអមនុស្សធម៌ ហើយមិនមានទឹកចិត្តជ្រះថ្លា ដើម្បីជួយសង្គ្រោះជីវិតមនុស្សលោកនោះទេ។
សូមបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក Westerdam បន្ទាប់ពីប្រទេសចំនួន៤ និងកោះចំនួនពីរមិនអនុញ្ញាតឱ្យចូលចត ហើយរសាត់អណ្តែតតែលតោលលើលំហរសាគរអស់រយៈពេល១២ថ្ងៃព្រោះតែការសង្ស័យមនុស្សលើនាវាកើតជំងឺផ្លូវដង្ហើមបង្កដោយមេរោគ «COVID19» នោះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យចូលចតនៅកម្ពុជានៅថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅនេះ។
ជាការគួរឱ្យភ្ញាក់ផ្អើលមួយ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែអនុញ្ញាតឱ្យនាវានេះចូលចតនោះឡើយ ថែមទាំងបានអញ្ជើញទៅទទួលអ្នកលើនាវាដោយផ្ទាល់នៅថ្ងៃទី១៤ ខែកុម្ភៈ ថ្ងៃនៃក្តីស្រឡាញ់របស់មនុស្សជាតិនៅទ្វីបអឺរ៉ុបជាមួយផ្កាកូលាបថែមទៀតផង។
ការអនុញ្ញាតឱ្យនាវា Westerdam ដែលមានអ្នកទេសចរ ១,៤៥៥នាក់ និងអ្នកបម្រើការងារលើនាវា ៨០២នាក់ ចូលចត និងការអញ្ជើញទៅទទួលដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានទទួលការស្ញប់ស្ញែង និងវាយតម្លៃខ្ពស់បំផុតពីអ្នកដំណើរនៅលើនាវា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បណ្តាប្រទេសដែលមានជនជាតិលើនាវា និងមេដឹកនាំអង្គការអន្តរជាតិជាច្រើនផ្សេងទៀត។
ការសម្រេចចិត្តរបស់សម្តេចតេជោក្នុងការជួយសង្គ្រោះមនុស្សលើនាវានេះ នាំឱ្យមនុស្សជាតិលើពិភពលោកបានកោតសរសើរសម្រាប់ប្រជាពលរដ្ឋកម្ពុជាផងដែរថា ជាជាតិសាសន៍មួយពោរពេញដោយបេះដូងមនុស្សធម៌ និងស្រឡាញ់ចំពោះមនុស្សជាតិ៕