(ភ្នំពេញ)៖ ទោះបីអឺរ៉ុបព្យួរផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះអ្វីៗគ្រប់យ៉ាង លើកលែងតែអាវុធ (EBA) ពីកម្ពុជាក្តី ក៏គម្រោងវិនិយោគបើករោងចក្រថ្មីៗ នៅតែដំណើរការនៅកម្ពុជា។
ជាក់ស្តែងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបបញ្ជាក់លើ Facebook ផ្លូវការរបស់ខ្លួនថា ខ្លួនទើបអនុម័តឲ្យរោងចក្រចំនួន៥បើកដំណើរការ ទុនវិនិយោគជិត៤០លានដុល្លារ ខណៈម្សិលមិញក៏បានអនុម័តគម្រោងចំនួន៦ មានទឹកប្រាក់ជិត៧០០លានដុល្លារ។
CDC បានញ្ជាក់ឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ SHANXI HEXIN (CAMBODIA) METAL TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រផលិតឥដ្ឋដុំ និងឥដ្ឋបច្ចេកទេសធុនស្រាល ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៥កន្លែង។
២៖ ROYAL INNOTECH KNITWEAR CO., LTD គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៦៥១កន្លែង។
៣៖ LITKCONN TECHNOLOGY (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩៦កន្លែង។
៤៖ NINGBO BAINIAN (CAMBODIA) ELECTRIC APPLIANCE CO., LTD គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៩កន្លែង។
៥៖ SHANG DA JIAN HUI INTERNATIONAL AGRICULTURE PRODUCT AND LOGISTIC CO., LTD គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ (ស្វាយ ស្វាយចន្ទី ម្នាស់ ចេក...) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០១កន្លែង។
សូមជម្រាបថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប (EU) បានចេញសេចក្តីសម្រេចកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA។ តាមការវាយតម្លៃរបស់ផ្នែកឯកជន ការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ មានទឹកប្រាក់ប្រមាណ១០០លានដុល្លារអាមេរិក លើកផលិតផល៤០មុខរបស់កម្ពុជា។ សេចក្តីសម្រេចនេះនឹងចូលជាធរមាន នៅរយៈពេល៦ខែទៀត ពោលគឺក្នុងខែសីហា ឆ្នាំ២០២០នេះ ប្រសិនបើសភារបស់អឺរ៉ុបអនុម័តយល់ព្រម តាមការសម្រេចរបស់គណៈកម្មការអឺរ៉ុបនោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានថ្លែងបញ្ជាក់ជាថ្មីថា កម្ពុជានឹងមិនស្នើសុំប្រព័ន្ធ អនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ២០ភាគរយ ពីសហភាពអឺរ៉ុបទៀតនោះទេ ដោយសារកម្ពុជា បានត្រៀមស្មារតី ចំពោះការបាត់បង់ EBA ២០%នេះរួចហើយ។
ពាក់ព័ន្ធការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពី EU នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រាប់ដល់កម្មករ កម្មការិនីសូមកុំព្យាបារម្ភឲ្យសោះ រាជរដ្ឋាភិបាលកម្ពុជា មានសមត្ថិភាពដើម្បីនឹងទទួលខុសត្រូវ៕