(បន្ទាយមានជ័យ)៖ ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋរាប់ពាន់នាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការសាងសង់ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានធ្វើឱ្យសម្តេចសម្រេចគោលដៅសំខាន់ពីរ ក្នុងពេលតែមួយ ហើយផ្លូវមួយខ្សែនេះ ស្ថិតនៅលើដែនដីអតីតសមប្រយុទ្ធ ក្នុងប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់កម្ពុជា។

ការបញ្ជាក់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញ ជាអធិបតីភាពក្នុងពិធី សម្ពោធផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះហើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះយើងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវមួយខ្សែ ដែលជាប្រវត្តិសាស្ត្រ នៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយើង តាមរយៈនៃការតភ្ជាប់ផ្លូវជាតិលេខ៥៦ ដែលតភ្ជាប់ពីទីក្រុងប៉ោយប៉ែត រវាងផ្លូវជាតិលេខ៥ ទៅទល់នឹងទីក្រុងសំរោង នៃខេត្តឧត្តរមានជ័យ ដែលមានចម្ងាយផ្លូវរហូតទៅដល់ ១៧៤គីឡូម៉ែត្រ [...] ហើយផ្លូវនេះបានដើរតួនាទីសំខាន់មួយ និងក៏បានឱ្យខ្ញុំព្រះករុណា ខ្ញុំសម្រេចនូវគោលដៅទាំងពីរ ក្នុងពេលតែមួយ តើគោលដៅពីរនោះជាអ្វី? បន្ទាប់ពីការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ រួចហើយ ខ្ញុំព្រះករុណាខ្ញុំ បានដាក់ចេញនូវគោលដៅពីរ នៅក្នុងការអភិវឌ្ឍប្រទេសរបស់យើង»

បើតាមសម្តេចតេជោ នាយករដ្ឋមន្ត្រី បានឱ្យដឹងថា គោលដៅទាំងពីររបស់សម្តេចរួមមានទី១៖ គឺការប្រែក្លាយតំបន់អតីតសមរភូមិប្រយុទ្ធ រវាងខ្មែរទាំងអស់ ឱ្យទៅជាទីផ្សារ និងជាតំបន់ដែលមានការអភិវឌ្ឍ រីឯគោលដៅទី២៖ គឺប្រែក្លាយព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ក្នុងន័យនេះ ផ្លូវជាតិ៥៨ ដែលកំពុងតែសម្ពោធដាក់ឱ្យប្រើប្រាស់ គឺជាផ្លូវដែលបម្រើឱ្យបម្រើឱ្យគោលដៅទាំងពីរនេះតែម្តង។ បន្ថែមពីនេះ ប្រសិនបើពិនិត្យឡើងវិញ ផ្លូវជាតិលេខ៥៩ ដែលតភ្ជាប់ ពីផ្លូវជាតិលេខ៥ ឆ្លងកាត់តាមម៉ាឡៃ ឆ្លងកាត់តាមកំរៀងភ្នំព្រឹក រហូតទៅដល់ប៉ៃលិន ក៏ជាផ្លូវដែលមានតួនាទីដូចគ្នា ដែលបម្រើឱ្យគោលដៅទាំងពីរ ដូចគ្នា ហើយត្រូវបានទទួលហេរញ្ញប្បទានពីប្រទេសចិន។

«ដែលនេះចាត់ទុកថា អនុវត្តន៍ដោយជោគជ័យនូវគោលដៅទាំងពីរ ដែលខ្ញុំព្រះករុណាខ្ញុំបានដាក់ចេញបន្ទាប់ពីការដាក់ចេញ នូវនយោបាយឈ្មះ-ឈ្មះ នៅឆ្នាំ១៩៩៨ ពិនិត្យមើលទីកន្លែងនេះ យើងពិតជាមានមោទកភាព ដោយសារតែតំបន់អតីតសមរភូមិមួយនេះ ក្លាយទៅជាតំបន់មានតំបន់អភិវឌ្ឍ ខ្ញុំព្រះករុណា ខ្ញុំពិតជាមានមោទកភាព ដែលបានរួចចំណែកជាមួយប្រជាជនកម្ពុជា រួមចំណែកជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាមួយតួអង្គពាក់ព័ន្ធទាំងឡាយ សម្រាប់ឱ្យប្រទេសជិតយើង ជួបជុំគ្នាឡើងវិញ បន្ទាប់ពីបែកបាក់ចែកជាចំរៀកៗ ក្នុងការត្រួតត្រាទឹកដីខ្មែរ»។ នេះជាបញ្ជាក់បន្ថែម របស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា សម្តេចពិតជាមានមោទនភាព ដែលរួមចំណែកជាមួយប្រជាពលរដ្ឋគ្រប់ភាគីពាក់ព័ន្ធ ក្នុងការបិទបញ្ចប់សង្គ្រាម និងការរួបរួមគ្នាឡើងវិញ បន្ទាប់ពីបែកបាក់នៅក្នុងអតីតកាល។ ជាមួយគ្នានេះដែរ សម្តេចក៏បានរំលឹកថា ខេត្តបន្ទាយមានជ័យកាលពីអតីតកាល ត្រូវបានគ្រប់គ្រងដោយខ្មែរ៤ភាគី តែដោយសារបារមីនយោបាយឈ្នះ-ឈ្នះ ធ្វើឱ្យទឹកដីនេះក្លាយជាតំបន់គ្រប់គ្រងដោយខ្មែរតែមួយ ក្រោមរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធតែមួយ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ការបង្រួបបង្រួមខ្មែរពីច្រើនភាគីមកភាគីតែមួយជារឿងមិនធម្មតានោះឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា មេរៀនបង្រួបបង្រួមជាតិមួយនេះ មិនអាចបង្រៀនដល់ជាតិសាសន៍ដទៃទេ តែជាមោទនភាពសម្រាប់ជាតិខ្មែរ ហើយការសាងសង់ផ្លូវជាតិលេខ៥៨ បានបញ្ចេញថវិកាជាង ៤លានដុល្លារ សម្រាប់បោសសំអាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានផ្លូវជាតិលេខ៥៨នេះ បង្ហាញពីចំណងទំនាក់ទំនងដ៏ស្អិតល្មួតរវាងកម្ពុជា និងចិន ហើយសម្តេចក៏បានចោទសួរថា បើគ្មានការផ្តល់ជំនួយពីចិន តើកម្ពុជាមានវត្តផ្លូវជាតិលេខ៥៨ និងផ្លូវដទៃទៀតដែរទេ?៕