(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញមកទាត់ចោលព័ត៌មានប្រឌិតមួយ ដែលត្រូវបានគេយកមកបង្ហោះ Facebook ថាមានករណីជំងឺកូរ៉ូណា (Covid-19) កើតឡើងថ្មីនៅខេត្តព្រះសីហនុ។
ជាមួយនឹងការចេញមកទាត់ចោលព័ត៌មានប្រឌិតនេះ លោកស្រី វណ្ណឌីន ក៏បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ស្វែងរកជនប្រឌិតព័ត៌មានក្លែងក្លាយនោះ មកផ្តន្ទាទោសតាមច្បាប់ ដើម្បីឲ្យរាងចាល។
សូមជម្រាបថា រហូតមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ មិនទាន់មានករណីជំងឺកូរ៉ូណាថ្មី កើតឡើងនៅកម្ពុជាទៀតនោះឡើយ។ ករណីជំងឺកូរ៉ូណា ទើបកើតឡើង១ករណីគត់នៅកម្ពុជា លើបុរសជនជាតិចិនម្នាក់ ដែលធ្វើដំណើរតាមជើងយន្តហោះមកពីទីក្រុងវូណាន់។
បុរសជនជាតិចិនរូបនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ព្យាបាលជាសះស្បើយ និងបានធ្វើត្រឡប់ទៅប្រទេសចិនវិញហើយ។ ក្រៅពីករណីនេះមិនទាន់មានករណី ជំងឺកូរ៉ូណាផ្សេងទៀតកើន នៅកម្ពុជានោះទេ៕