(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយបញ្ជាក់ថា សុខភាពអ្នកដំណើរនៃនាវាខ្នាតយក្ស Westerdam ដែលបានត្រឡប់ទៅមាតុភូមិវិញ ពួកគេគ្មាននរណាម្នាក់ មានជំងឺ COVID-19 នោះឡើយ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបានបញ្ជាក់ថា «អ្នកដំណើរ និងអ្នកបម្រើការលើនាវាខ្នាតធំ វេស្ទឺដាម បានចាកចេញពីកម្ពុជា ត្រឡប់ទៅកាន់មាតុប្រទេសជួបជុំក្រុមគ្រួសារ ប្រកបការងារប្រចាំថ្ងៃរបស់គាត់រៀងខ្លួនវិញ គឺមានរយៈពេល១៤ថ្ងៃហើយ ដោយគិតចាប់ពីថ្ងៃទី១៤ ដល់ ២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ បច្ចុប្បន្ននេះ គ្មានប្រទេសណាមួយ រាយការណ៍ពីការរកឃើញវីរុសកូរ៉ូណា ប្រភេទថ្មី ឬ COVID-19 លើអ្នកដំណើរ និងអ្នកបម្រើការងារលើនាវាខ្នាតធំ វេស្ទឺដាមនោះឡើយ»។
ពាក់ព័ន្ធស្ថានភាពជំងឺ COVID-19 នៅកម្ពុជាវិញ ត្រូវបានក្រសួងសុខាភិបាលអះអាងថា មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ពុំមានប្រជាជនណាម្នាក់ ត្រូវបានរកឃើញថាមានជំងឺ COVID-19 នោះទេ។
ជាមួយគ្នានេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានគម្រោងទៅកាន់ ឬត្រឡប់ពីក្រៅប្រទេស ពិសេសតំបន់ដែលកំពុងកើតជំងឺ COVID-19 ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ប្រសិនមានរោងសញ្ញាដូចជា គ្រុនក្តៅ ក្អក ពិបាកដកដង្ហើមទាំងមុន ឬក្នុងអំឡុងពេលធ្វើដំណើរ ឬបន្ទាប់ពីវិលត្រឡប់ពីកន្លែង ដែលមានរាតត្បាតនៅប្រទេសមួយចំនួន ឬបានប៉ះពាល់ជាមួយអ្នកជំងឺ COVID-19 ដែលអះអាងដោយមន្ទីរពិសោធន៍ សូមទាក់ទងទូរស័ព្ទ ១១៥ជាបន្ទាន់៕