(សេអ៊ូល)៖ របាយការណ៍ថ្មីត្រូវបានអាជ្ញាធរកូរ៉េខាងត្បូងបញ្ចេញមកហើយ នៅព្រឹកថ្ងៃអង្គារនេះ ដោយចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងប្រទេសអាស៊ីបូព៌ាមួយនេះ បានកើនឡើងដល់ ៤,៨១២ករណី ក្រោយ ៦០០ករណីថ្មីៗទៀតត្រូវបានរាប់បញ្ចូល និងអ្នកជំងឺ ២៨នាក់ស្លាប់ ខណៈទីក្រុងដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើងដែលស្ថិតនៅជាប់របងគ្នា គឺជាតំបន់ដែលរ៉ាប់រងករណីឆ្លងស្ទើរតែទាំងអស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។
គួរបញ្ជាក់ថា ៦០%ក្នុងចំណោមករណីឆ្លងទាំងអស់ នៅទូទាំងប្រទេសកូរ៉េខាងត្បូង គឺមានពាក់ព័ន្ធទៅនឹងព្រះវិហារគ្រិស្ត ស៊ីនជុនជី (Shincheonji) ស្ថិតនៅក្នុងទីក្រុង Daegu ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ដែលមានប្រជាជនរស់នៅ ២.៥លាននាក់ និងស្ថិតនៅចម្ងាយ ៣០០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល៕