(ភ្នំពេញ)៖ នាវាដឹកវត្ថុធាតុដើមប្រមាណ ១៩១ទូបានចូលមកដល់ប្រទេសកម្ពុជាហើយនៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ដើម្បីផ្គត់ផ្គង់នៅតាមរោងចក្រនានា។ វត្ថុធាតុដើមទាំងនេះ បានធ្វើឱ្យរោងចក្រព្យួរការងារចាប់ផ្តើមដំណើរការឡើងវិញបណ្តើរៗហើយ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកការរូតរះដឹកវត្ថុធាតុដើមពីចិនចូលមកកម្ពុជា កើតចេញពីទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន។
ជំងឺកូវីត១៩ដែលវាយលុកនៅក្នុងប្រទេសចិន បានធ្វើឱ្យរអាក់រអួលដល់ការផ្គត់ផ្គង់វត្ថុធាតុដើមពីប្រទេសចិន និងនាំឱ្យអាកខានដល់ដំណើរការរោងចក្រនៅក្នុងប្រទេសកម្ពុជាផងដែរ។ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអ្នកនាំពាក្យ បានប្រាប់អង្គភាពព័ត៌មាន Fresh News កង្វះវត្ថុធាតុដើមនេះ បានធ្វើឱ្យរោងចក្រចំនួន ៥០ព្យួរការងារ នាំឱ្យប៉ះពាល់កម្មករ និយោជិត ២០,៩៤០នាក់ ស្រ្តី ១៦,១៨៣នាក់។
បើតាមលោក ហេង សួរ ការព្យួរការងារនេះ រោងចក្រខ្លះព្យួរពីរសប្តាហ៍ ខ្លះព្យួរមួយខែ និងខ្លះទៀត សុំព្យួរពីរខែ។
ដើម្បីដោះស្រាយបញ្ហាកង្វះវត្ថុធាតុដើមនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលជាប្រទេសមានទំនាក់ទំនងស្អិតល្មួតចាក់ទឹកមិនលិចនោះ ក៏បានប្រឹងប្រែងរិះរកគ្រប់វិធី ដើម្បីពន្លឿនការនាំវត្ថុធាតុដើមមកកាន់កម្ពុជា។ នាវាចំនួន៧ចាប់ផ្តើមដឹកវត្ថុធាតុដើមទាំងនេះ ហើយនាវាមួយគ្រឿងបានចូលមកដល់កំពង់ផែក្រុងព្រះសីហនុហើយនៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។
លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា នាវាមួយគ្រឿងនេះ បានដឹកទូកុងតឺន័រជាវត្ថុធាតុដើមចំនួន ១៩១ទូ ក្នុងនោះវត្ថុធាតុដើមជាក្រណាត់សុទ្ធចំនួន ៩១ទូ។
សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតវ៉ាន់ដានៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា នាវាចំនួន៧គ្រឿងនេះ នឹងដឹកវត្ថុធាតុដើមទៅមករហូតដល់បញ្ហាបណ្តាលមកពីជំងឺកូវីត១៩ត្រូវបានបញ្ចប់។ ក្នុងនោះនាវា ៥គ្រឿង នឹងដឹកទំនិញចូលកំពង់ផែក្រុងព្រះសីហនុ រីឯនាវាពីរទៀតដឹកវត្ថុធាតុដើមចូលទីក្រុងហូជីមិញ ប្រទេសវៀតណាម ហើយដឹកបន្តតាមរថយន្តទៅផ្គត់ផ្គង់រោងចក្រនានានៅក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងពិធីចែកសញ្ញាបត្រនេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការរូតរះ និងពន្លឿនការដឹកវត្ថុធាតុដើមពីចិនមកកាន់ប្រទេសកម្ពុជានេះ គឺកើតចេញពីទំនាក់ទំនងល្អរវាងកម្ពុជា និងចិន។ ជាពិសេសភាពជាដៃគូទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
«នេះជាភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដែលយើងទទួលបាននូវវត្ថុធាតុដើម ដើម្បីដោះស្រាយបញ្ហាអត់ការងារធ្វើរបស់កម្មករ និងស្ថិរភាពនៃច្រវ៉ាក់ផលិតកម្មបម្រើឱ្យការនាំចេញរបស់យើង»។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលគេប្រសិទ្ធនាមជាបុរសខ្លាំងរបស់កម្ពុជាបញ្ជាក់បន្ថែម។
ទន្ទឹមនឹងដឹកមកដល់វត្ថុធាតុដើមនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ រួមទាំងអភិបាលរាជធានី-ខេត្តផងដែរ ជួយសម្របសម្រួលដល់ការដឹកទំនិញចូលរោងចក្រឱ្យបានកាន់តែឆាប់រហ័ស។ សម្តេចតេជោ បានណែនាំឱ្យមានរថយន្តសឺរ៉ែនជួយបើកផ្លូវរថយន្តដឹកទំនិញថែមទៀតផង ក្នុងករណីការដឹកទំនិញនេះមានឧបសគ្គ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវទៅកាន់អាជ្ញាធរមានសមត្ថកិច្ចឱ្យសម្រួលការដឹកជញ្ជូនយ៉ាងដូច្នេះ «ខ្ញុំសូមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចជាគយ ហើយនឹងផ្នែកទាក់ទងការដឹកជញ្ជូនធ្វើសកម្មភាពឱ្យបានឆាប់ គយក្តី កំពង់ផែក្តី រហូតមកដល់ក្រុងភ្នំពេញ។ បើមកដល់ក្រុងភ្នំពេញវាពិបាកក្នុងការឆ្លងកាត់ដែលយើងមិនឱ្យឆ្លងកាត់នៅពេលថ្ងៃ ពេលថ្ងៃហ្នឹងក៏ឱ្យចូលដែរ។ ហើយរកឡានសារ៉ែននាំមុខ ដើម្បីដឹកវត្ថុធាតុដើមចូលតាមរោងចក្រ»។
លោក ហេង សួរ បានឱ្យដឹងថា ការមកដល់នៃវត្ថុធាតុដើមពីប្រទេសចិននេះ ជួយឱ្យរោងចក្រដែលព្យួរការងារមួយចំនួនចាប់ផ្តើមដំណើរការឡើងវិញផងដែរ។ បើតាមលោក ហេង សួរ រោងចក្រដែលសុំព្យួរការងារចំនួន៧បានដំណើរការឡើងវិញ។ រោងចក្រទាំង៧នេះ មានកម្មករសរុបប្រមាណ ១០,១០៣នាក់ ស្រ្តី ៩,១៧៣នាក់។
លោក ហេង សួរ បានបន្ថែមថា «ការមកដល់នៃវត្ថុធាតុដើមទាំងនេះ វានឹងជួយឲ្យរោងចក្រដែលមិនទាន់ព្យួរកាន់តែអាចដំណើរការទៅមុខដោយមិនបាច់ព្យួរ។ ប្រសិនជាវាផ្គត់ផ្គង់ទៅរោងចក្រដែលព្យួរ គឺវានឹងធ្វើឲ្យរោងចក្រនោះបើកឡើងវិញ»។
ក្នុងពិធីចែកសញ្ញាបត្រព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងកំលុងពេលកម្ពុជាជួបបញ្ហាដោយសារតែជំងឺកូវីត១៩ ដែលរាតត្បាតលើពិភពលោកនោះ មានរោងចក្រខ្លះជួបបញ្ហា តែក៏មានរោងចក្រខ្លះកំពុងបង្កើនសកម្មភាពផងដែរ។
បើតាមសម្តេចតេជោនាយករដ្ឋមន្ត្រី ក្រុមហ៊ុនផលិតគ្រឿងបរិក្ខារសម្លៀកបំពាក់របស់គ្រូពេទ្យម៉ាក «ឌុយប៉ុង» របស់បារាំង កំពុងបង្កើនការផលិតយ៉ាងខ្លាំង ដើម្បីផ្គត់ផ្គត់នៅតាមប្រទេសនានា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានប្រទេសខ្លះបញ្ជាទិញរហូតដល់ទៅ ២លានកំប្លេ។
ក្រុមហ៊ុននេះ បានឧបត្ថម្ភសម្លៀកបំពាក់ការពាររូបរាងកាយពេលបំពេញការងារសម្រាប់ក្រុមគ្រូពេទ្យកម្ពុជាចំនួន ១ពាន់កំប្លេផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបឱ្យដឹងផងដែរថា កាលពីឆ្នាំ២០០៣កន្លងទៅ ក្នុងពេលពិភពលោកជួបបញ្ហាជំងឺសារនោះ ក្រុមហ៊ុននេះ បានផលិតគ្រឿងបរិក្ខារសម្លៀកបំពាក់រហូតដល់ទៅ ៥លានកំប្លេផ្គត់ផ្គង់ទៅតាមប្រទេសនានា៕