(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៦នេះ បានបង្ហាញសារខ្លីមួយ តាមរយៈ Facebook Page របស់សម្តេចដោយបញ្ជាក់ថា ថ្ងៃទី២ ខែមករានេះ ៤០ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន ត្រូវបានអង្គការ (ក្នុងរបបប៉ុលពត) កោះហៅឲ្យទៅរៀបការដែលត្រូវព្រឹត្តទៅនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ហើយសម្តេចត្រៀមរួចរាល់ហើយ ដើម្បីលាតត្រដាងប្រវត្តិស្នេហា របស់សម្តេច ជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនាសម័យនោះ។

សម្តេចតេជោសរសេរទៀតថា ចំពោះរឿងរ៉ាវស្នេហានេះ សម្តេចសរសេរជាអត្ថបទវែង រៀបចំជា៣វគ្គ ដោយវគ្គទី១ នឹងផ្សាយនៅថ្ងៃទី៣ ខែមករា, វគ្គទី២ ផ្សាយនៅថ្ងៃទី៤ មករា និងវគ្គទី៣ នឹងផ្សាយបញ្ចប់នៅថ្ងៃទី៥ មករា ដែលជាខួប៤០ឆ្នាំនៃការរៀបការរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (៥ មករា ១៩៧៦ - ៥ មករា ២០១៦)។ អ្វីដែលជាពិសេសនៅក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន នោះគឺថា «ពេលអានចប់សូមមេត្តាជួយប្រាប់ខ្ញុំផងថា តើខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំមុន ឬ ប្រពន្ធខ្ញុំស្រឡាញ់ខ្ញុំមុន?»

ខាងក្រោមនេះ ជាសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖

«៤០ឆ្នាំមុន គឺនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៧៦ នោះហើយ ដែលខ្ញុំត្រូវបានអង្គការកោះហៅឱ្យទៅរៀបការដែលប្រព្រឹត្តិទៅនៅថ្ងៃទី៥ ខែមករា ១៩៧៦។ ថ្ងៃនេះទី២ ខែមករាឆ្នាំ ២០១៦ គឺមានរយៈពេល៤០ឆ្នាំ ដែលខ្ញុំត្រូវសរសេររៀបរាប់អំពីប្រវត្តិដែលខ្ញុំ និងភរិយាបានស្គាល់គ្នា និងបានរៀបការក្នុងរបបប៉ុលពត។

ពិតមែនតែវាជារឿងរបស់ខ្ញុំ តែវាក៏ជារឿងរ៉ាវកើតឡើង ទាក់ទងជាមួយប្រជាជនទូទាំងប្រទេស ដែលស្ថិតក្នុងរបបនយោបាយប្រល័យពូជសាសន៍ ហើយក៏ជាប់ទាក់ទងដល់ប្រវត្តិនៃការតស៊ូរំដោះជាតិផងដែរ។ ការរៀបរាប់របស់ខ្ញុំមិនគ្របដណ្តប់ លើដំណើរជីវិតទាំងមូលទេ។ ការរៀបរាប់នេះ គឺផ្តោតសំខាន់ តើខ្ញុំនិងភរិយាខ្ញុំជួបគ្នាដោយរបៀបណា? ហើយការរៀបការប្រព្រឹត្តិទៅបែបណា? និងរៀបរាប់ក្រោយពេលរៀបការមួយរយះខ្លីប៉ុណ្ណោះ។

រឿងដែលនៅសេសសល់ ខ្ញុំនឹងសរសេរដើម្បីផ្សព្វផ្សាយជាបន្តបន្ទាប់ទៀត។ អាស្រ័យដោយអត្ថបទវែង ខ្ញុំរៀបចំផ្សាយជា៣វគ្គ។ វគ្គ១ នឹងផ្សាយនៅថ្ងៃ៣ មករា។ វគ្គ ២ផ្សាយថ្ងៃ ៤ មករា និង វគ្គ៣បញ្ចប់ផ្សាយថ្ងៃ ៥មករាដែលជាថ្ងៃខួប៤០ឆ្នាំ នៃថ្ងៃរៀបការ (៥ មករា១៩៧៦-៥ មករា ២០១៦)។ ពេលអានចប់ សូមមេត្តាជួយប្រាប់ខ្ញុំផងថា តើខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំមុន ឬ ប្រពន្ធខ្ញុំស្រឡាញ់ខ្ញុំមុន?»៕