(ប៉េកាំង)៖ រដ្ឋមន្ត្រីការពារជាតិចិន បានបញ្ជាក់ថា ខ្លួនបានបាញ់សាកល្បងគ្រាប់មីស៊ីល​ចម្ងាយឆ្ងាយប្រភេទថ្មីមួយ ស្របពេលដែលគេហទំព័រដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក បានសរសេរថា ចិនបានបាញ់សាកល្បង​គ្រាប់មីស៊ីលចេញ​ពីរថភ្លើង​របស់ខ្លួន ដែលការបាញ់ប្រហារបែបនេះ បង្កភាពលំបាកក្នុងការកំណត់ទីតាំងនៃការបាញ់ប្រហារ នេះបើយោង​តាមសេចក្តីរាយការណ៍​របស់ភ្នាក់ងារសារព័ត៌មាន​Reuters ចេញផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥នេះ។

គេហទំព័រ Washington Free Beacon បានបញ្ជាក់ថា ភ្នាក់ងារស៊ើបការណ៍សហរដ្ឋអាម៉េរិក បានរក ឃើញថា ការបាញ់សាកល្បងគ្រាប់មីស៊ីលប្រភេទ DF-41 ចេញពីរថភ្លើងរបស់ប្រទេស ចិន ដែលជាប្រភេទគ្រាប់មីស៊ីលដែលអាចបាញ់ប្រហារសហរដ្ឋអាម៉េរិកបាន។ សេចក្តីរាយការណ៍បានបញ្ជាក់បន្ថែមថា វាជាបញ្ហាដ៏សំខាន់ ដែលចិនអាចពង្រឹងសមត្ថភាព ដែលមានស្រាប់ ហើយឈានដល់ការបាញ់គ្រាប់មីស៊ីលចេញពីទីតាំងដែលអាចបំលាស់ទីបាន៕