(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍​ ម៉ឹង​ សំផន​ រដ្ឋលេខាធិការក្រសួងការពារជាតិ​ និងជាអនុប្រធានក្រុមការងារ ចុះជួយមូលដ្ឋានខេត្តស្វាយរៀង​ នៅព្រឹកថ្ងៃទី០២​ ខែមករា​ ឆ្នាំ២០១៦​ នេះ​ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុនរ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ផ្តល់ជូនអនុសាខាកាកបាទក្រហម​កម្ពុជាក្រុងបាវិត។

អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ដែលផ្តល់ជូនតាមរយៈនាយឧត្តមសេនីយ៍​ ម៉ឹង​ សំផន​ រួមមាន​ អង្ករ៥តោន​ ត្រីខ៣កេស​ មី១០០កេស​ សារុង១០០​ ក្រម៉ា១០០​ និងថវិកាចំនួន៥លានរៀល។

នាយឧត្តមសេនីយ៍​ ម៉ឹង​ សំផន​ អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តស្វាយរៀង​ បានថ្លែងថា​ អំណោយមនុស្សធម៌​ និងថវិកា​ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ យកមកផ្តល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត​ នៅពេលនេះ​ គឺដើម្បីឱ្យអនុសាខាមានលទ្ធភាព​ចុះជួយបន្ទាន់ដល់មូលដ្ឋាន​ ភូមិ-ឃុំ​ ក្នុងក្រុងបាវិត​ ជួយប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយ​ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត​ ទីទ័លក្រ​ និងមានបញ្ហាលំបាកផ្សេងៗ។

លោកបានថ្លែងបញ្ជាក់បន្ថែមទៀតថា​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី​ ហ៊ុន សែន​ ជានិច្ចកាលតែងតែគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ​គ្រប់ទីតំបន់​ ជាពិសេសសម្តេចតែងយកចិត្តទុក្ខដាក់ ចំពោះបងប្អូនប្រជាពលរដ្ឋទីទ័លក្រ​ មានជីវភាពខ្វះខាត​ សម្តេចតែងឱ្យក្រុមការងារកាកបាទក្រហម​ ចុះទៅដល់មូលដ្ឋាន​ ដើម្បីនាំយកអំណោយមនុស្សធម៌​ មានជាស្បៀងអាហារ​ សម្ភារ និងថវិកា​ ដើម្បីផ្តល់ជូនឱ្យពួកគាត់ដោះស្រាយជីវភាពមួយរយៈពេលខ្លី។

នាយឧត្តមសេនីយ៍​ ម៉ឹង​ សំផន​ ក៏បានបញ្ជាក់ទៀតថា​ កាកបាទក្រហមកម្ពុជា​ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាប្រធាន​ គឺបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការជួយកាត់បន្ថយភាពក្រីក្រ ពោលធ្វើយ៉ាងណាមិនឱ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ​នោះទេ​ ដែលស្របទៅនឹងអនុសាស្ត្ររបស់សម្តេចតេជោ​ ហ៊ុន​ សែន៕