(ញ៉ូវដេលី)៖ ក្រុមខ្មាន់កាំភ្លើង បានបើកការវាយប្រហារ ទៅលើមូលដ្ឋានកងទ័ពអាកាស របស់ប្រទេសឥណ្ឌ នៅព្រឹក​ថ្ងៃ​សៅរ៍នេះ នាភាគពាយ័ព្យនៃរដ្ឋ Punjab ជិតព្រំដែន​ប៉ាគីស្ថាន នេះបើយោងតាមការចេញផ្សាយរបស់​ទូរទស្សន៍​ក្នុងឥណ្ឌា និងត្រូវបានដកស្រង់ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦។

យោងតាមសេចក្ដីរាយការណ៍ ជាបឋមបានឲ្យដឹងថា ខ្មាន់កាំភ្លើង២នាក់ បានស្លាប់ និងប្រហែលជា ២ឬ៣នាក់ទៀត កំពុងតែស្ថិតនៅក្នុងអគារ ក្នុងមូលដ្ឋានកងទ័ពអាកាស។ បើតាមការកត់ចំណាំ សកម្មភាពវាយប្រហារនេះ គឺមានលក្ខណៈដូចគ្នា ទៅនឹងការឆ្មក់វាយប្រហារពី សំណាក់ក្រុមឧទ្ទាមកាលពីឆ្នាំមុន ដោយ​មានមនុស្ស ៩នាក់បានស្លាប់ ហើយរដ្ឋាភិបាលឥណ្ឌា បានស្ដីបន្ទោសថាជាការវាប្រហារនោះគឺជាក្រុមជនជ្រៀតជ្រែង ចេញមកពីប្រទេសប៉ាគីស្ថាន៕