(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យអ្នកអង្គុយជាប់បុរសជនជាតិខ្មែរម្នាក់ ដែលរកឃើញកូវីដ១៩ ដែលជិះលើយន្ដហោះលេខ PG933 ពីទីក្រុងបាងកក មកទីក្រុងភ្នំពេញ ឲ្យមកពិនិត្យសុខភាពជាបន្ទាន់ ឬទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។
លោក លី សុវណ្ណ បានបញ្ជាក់ថា អ្នកដែលចាំបាច់ត្រូវមកពិនិត្យសុខភាពបន្ទាន់ នៅលើយន្ដហោះនេះ គឺអង្គុយនៅជួរទី ២២, ២៣, ២៤, ២៥ និង២៦។
លោក លី សុវណ្ណ បានថ្លែងយ៉ាងដូច្នេះថា «អ្នកដំណើរម្នាក់នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ លើជើងហោះហើរលេខ PG933 មកពីក្រុងបាងកក (BANGKOK) បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ ប្រសិនបើអ្នកនៅលើជើងហោះហើរតែមួយខាងលើ ហើយអង្គុយនៅជួរទី 22, 23, 24, 25, ឬ 26 អ្នកត្រូវទាក់ទងទៅ ក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥»។
អ្នកនាំពាក្យក្រសួងសុខាភិបាល បានបន្ថែមថា សម្រាប់អ្នកដំណើរផ្សេងទៀត ដែលធ្វើដំណើរតាមជើងហោះហើរលេខ PG933 អ្នកត្រូវត្រួតពិនិត្យតាមដាន សុខភាពរបស់អ្នករយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលជើងហោះហើរចុះចត នៅប្រទេសកម្ពុជា ហើយទាក់ទងក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន១២ករណីហើយ ដោយក្នុងនោះមាន៖
ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៨៖ បុរសជនជាតិបារាំង អាយុ៣៥ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៩៖ ទារកជនជាតិបារាំង អាយុ៤ខែ នៅរាជធានីភ្នំពេញ
ទី១០៖ បុរសជនជាតិខ្មែរ នៅរាជធានីភ្នំពេញ
ទី១១៖ បុរសខ្មែរឥស្លាម នៅខេត្តព្រះវិហារ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ
ទី១២៖ បុរសខ្មែរឥស្លាម អាយុ៣៩ឆ្នាំ នៅខេត្តព្រះវិហារ។
ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នាពេលថ្មីៗ ក្រសួងសុខាភិបាល បានសម្រេចដាក់បម្រាមមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អាមេរិក និងអ៉ីរ៉ង់ ចូលប្រទេសរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ។
នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការមួយចំនួន តាមរយៈសារាចរណែនាំដូចខាងក្រោម៖
១៖ ណែនាំដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើដំណើរទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើមិនមានការចាំបាច់បំផុតដែលខានពុំបាន។
២៖ គ្រប់ក្រសួង ស្ថាប័នរដ្ឋទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមិនត្រូវអនុញ្ញាតឲ្យមន្ត្រីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ ធ្វើដំណើរចូលរួមកិច្ចប្រជុំគ្រប់ប្រភេទ ទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ឡើយ។
៣៖ ក្នុងករណីចាំបាច់ខានមិនបាន ដែលតម្រូវឲ្យមានតំណាងរបស់កម្ពុជា ចូលរួមប្រជុំនៅបណ្ដាប្រទេសដូចជាបញ្ជាក់ខាងលើ ក្រសួង ស្ថាប័នពាក់ព័ន្ធនីមួយៗ ត្រូវធ្វើសំណើទៅកាន់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចាត់តំណាងស្ថានទូតប្រចាំនៅប្រទេសម្ចាស់ផ្ទះនៃការប្រជុំ ឲ្យចូលរួមជំនួស។
៤៖ ចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងឡាយណា ដែលទើបវិលត្រឡប់ពីបណ្ដាលប្រទេសនៅអឺរ៉ុប សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវដាក់ខ្លួនឱ្យនៅដោយឡែក ក្នុងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលបានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ស្របតាមនីតិវិធីកំណត់ដោយក្រសួងសុខាភិបាល៕