(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានចេញសេចក្តី សម្រេចបង្កើតក្រុមការងារជំនាញមួយ ដើម្បីសហការជាមួយក្រុមការងាររៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត របស់សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា សសយក នៅក្នុងឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ គ.ស ២០១៦។

ក្រុមការងារជំនាញនោះ ដឹកនាំដោយ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធានកិត្តិយស លោកអ៊ុក ប្រាថ្នា ជាប្រធាន និងមន្ត្រី១៦រូបទៀតជាសហការី។ នេះបើយោងតាមគណនី Facebook របស់លោក កឹម គុណវឌ្ឍ ដែលបានបង្ហោះឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦នេះ។

គួររំលឹកឲ្យដឹងថា សសយក បានរៀបចំព្រឹត្តិការណ៏អង្គរសង្ក្រានក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ រយៈពេលបីថ្ងៃកាលពីថ្ងៃទី១៤,១៥,១៦ ខែមេសា ឆ្នាំ២០១៥។ នៅក្នុងព្រឹត្តិការណ៍ ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៥ ទទួលបានការកត់ត្រាជាផ្លូវការចូលក្នុងកំណត់ត្រាពិភពលោក Guiness World Records ចំនួនពីរ។ ទីមួយគឺ ការរាំចង្វាក់ ម៉ាឌីហ្សុន ជាក្រុមចំនួន២០១៥ នាក់នៅក្នុងត្រូវបានកត់ត្រាជាផ្លូវការ ចូលក្នុងកំណត់ត្រាពិភពលោក Guiness World Records កាលពីវេលាម៉ោង១៣ និង៥៣នាទីនាថ្ងៃទី១៥ ខែ មេសា ឆ្នាំ២០១៥ ។
ទីពីរគឺនំអន្សមយក្សអង្គរសង្ក្រាន្ត មានទម្ងន់៣,២តោន ដែលមានមុខកាត់១ម៉ែត្រ និងបណ្តោយ៥ម៉ែត្រ ក៏បានបំបែកកំណត់ត្រាពិភពលោក Guinness World Records ផងដែរ។ យ៉ាងណាក៏ដោយ យើងនៅរង់ចាំមើលថា តើព្រឹត្តិការណ៏អង្គរសង្ក្រានឆ្នាំនេះ នឹងមានព្រឹត្តិការណ៍អស្ចារ្យអ្វីខ្លះ នឹងបង្ហាញជូនសាធារណជនជាបន្តទៀត?