(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ លោក ម៉ៅ ធនិន អភិបាល ខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី រួមជាមួយលោកស្រី ឯម ប៉ុណ្ណា អ្នកតំណាងរាស្រ្ត មណ្ឌលពោធិ៍សាត់ បានជួបសំណេះសំណាល និងនាំយកអំណោយចែកជូនដល់និវត្តជនប្រមាណ៨០០នាក់ ដើម្បីអបរអរសាទរ ខួបលើកទី៣៧ ទិវាជ័យជំនះ៧មករា ដែលនឹងឈានចូលមកដល់ក្នុងពេលប៉ុន្មានថ្ងៃ ខាងមុខនេះ។ ការប្រារព្ធពិធីនេះ បានកើតចេញពីការផ្តួចផ្តើមរបស់ លោក ម៉ៅ ធនិន និងលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជាហើយ នេះជាលើកទី២ហើយ ដែលសាលាខេត្តបានរៀបចំពិធីនេះឡើង។

លោក ញឹក សារ៉េត ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា និវត្តជនដែលបានអញ្ជើញ ចូលរួមក្នុងពិធីនេះសរុបមានចំនួន ៧៩៧រូប ហើយឆ្លងតាមពិធីនេះ បានបង្ហាញឲ្យឃើញច្បាស់ពីការ យកចិត្តទុកដាក់ពីសំណាក់ លោកអភិបាលខេត្តលោកអគ្គនាយក អគ្គិសនីកម្ពុជា និង ការរលឹកដឹងគុណដល់មន្ត្រី ចូលនិវត្តន៍ទាំងអស់ ដែលបានបូជាកម្លាំងកាយចិត្តក្នុងការបម្រើជាតិមាតុភូមិ។ លោក ម៉ៅ ធនិន បានលើកឡើងថា ប្រទេសយើងធ្លាប់បានឆ្លងកាត់ជាច្រើនសម័យ និង ដំណាក់កាលមកហើយ ។

មាតុភូមិយើងធ្លាប់ឆ្លងកាត់នូវភាព រុងរឿងដ៏អស្ចារ្យ ពីបុរាណកាល ហើយក៏ធ្លាប់ធ្លាក់ ក្នុងភ្លើងសង្រ្គាមផងដែរ។ ក្រោយពីថ្ងៃរំដោះ ៧ មករា ក្រោមការដឹកនាំរបស់សម្តេចទាំងបី សម្រេចបាននូវសមិទ្ធិផលជាប្រវត្តិសាស្រ្តជាច្រើន ដូចជាៈ ការរំដោះ និងការពារការវិលត្រឡប់របស់របបប្រល័យពូជសាសន៍ ប៉ុល ពត ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍន៍ ប្រទេស ជាពិសេសនយោបាយឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសន្តិភាពទូទាំងផ្ទៃប្រទេស ជូនប្រជាពលរដ្ឋរបស់ យើង។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ធ្វើឲ្យយើង មានការរីកចម្រើនលើគ្រប់វិស័យ ហើយបច្ចុប្បន្ននេះ ប្រទេសយើងកំពុងមានមុខមាត់ និងកិត្តិយសទាំងនៅក្នុងថ្នាក់តំបន់ ក៏ដូចជា នៅលើឆាកអន្តរជាតិ។

ការបង្កើត និងការកែសម្រួលគោល នយោបាយដើម្បីលើកកម្ពស់ ដល់អតីតយុទ្ធជន ក៏ដូចជានិវត្តជន មានជាអាទិ៍ការដំឡើងប្រាក់បៀវត្ស ការបើកផ្តល់តាមរយៈប្រព័ន្ធធនាគារ និងការឧបត្ថម្ភផ្សេងៗទៀត ពិតជាបានរួមចំណែក លើកកម្ពស់ដល់ ការរស់នៅ និងជីវភាពរបស់ លោកអ៊ុំ លោកពូ និងអ្នកមីងទាំងអស់គ្នា យ៉ាងពិតប្រាកដ។ លោកអភិបាលខេត្តបានបន្តទៀតថា សមិទ្ធិផលដែលកូនចៅ យើងជំនាន់ក្រោយនេះ កំពុងទទួលបានក៏ដោយសារតែ មានការរួមចំណែកពី លោកអ៊ុំ លោកពូ អ្នកមីង និងនិវត្តជនក្នុងប្រទេសយើងទាំងមូល។

ក្នុងនាមជាក្មេងជំនាន់ក្រោយ ត្រូវតបស្នងសងគុណ និងរម្លឹកដល់គុណនិវត្តជនទាំងអស់ដែលបានលះ បង់ទាំងកម្លាំងកាយ ចិត្ត និងជីវិត ដើម្បីការពារ បម្រើ និងអភិវឌ្ឍន៍ប្រទេស ដូចនេះយើងទាំងអស់គ្នាត្រូវ តែការពារសមិទ្ធិផល ៧ មករាឲ្យបានគង់វង្សរហូតតទៅ។ លោក ម៉ៅ ធនិន បានជម្រាបជូនសមាជិក សមាជិកា នៃអង្គពិធី សូមឲ្យជួយផ្តល់ ព័ត៌មានដល់លោកដោយផ្ទាល់តាមរយៈទូរស័ព្ទ ក្នុងករណីដែលមានមន្រ្តី ក៏ដូចជា កងកម្លាំងដែលអនុវត្តមិនបានត្រឹមត្រូវនូវតួនាទី ភារកិច្ចរបស់ខ្លួន ឬក៏យកអំណាចទៅ ប្រព្រឹត្តខុសច្បាប់ ដើម្បីលោកចាត់វិធាន ការបានទាន់ពេលវេលា។ ដូចគ្នានេះ ប្រើសិនបើនិវត្តជនទាំងអស់មានបញ្ហាដែលដោះស្រាយមិនបាន ឬក៏ បញ្ហាពាក់ព័ន្ធនឹងជីវភាព អាចទំនាក់ទំនងមកលោក ដើម្បីជួយដោះស្រាយ បានគ្រប់ពេលវេលា ព្រោះលោកបានបញ្ជាក់ថា សូមឲ្យ និវត្តជនទាំងអស់ចាត់ទុកលោក ជាកូន ក្មួយ ឬក៏ប្អូន ដែលជា សមាជិកគ្រួសារជាមួយគ្នា។ ក្នុងពិធីនេះ លោក ម៉ៅ ធនិន និងលោក កែវ រតនៈ បានឧបត្ថម្ភដល់និវត្តជនទាំងអស់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៧ម៉ឺនរៀល និងសារុងចំនួន០២ផងដែរ៕