(ភ្នំពេញ)៖ អតីតយុទ្ធមិត្តរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់រួមគ្នាប្រយុទ្ធវាយផ្តួលរំលំរបបខ្មែរក្រហមជាច្រើនសមរភូមិ បានធ្លាក់ខ្លួន ឈឺជាទម្ងន់។ បើទោះបីយុទ្ធមិត្តរូបនេះ ធ្លាក់ខ្លួនឈឺធ្ងន់​តែចិត្តនៅតែស្រឡាញ់សម្តេចតេជោ ហ៊ុន សែន ហើយអំពាវនាវឲ្យ មិត្តយុទ្ធជនទាំងអស់ការពារសម្តេចតេជោ។

សម្តេចតេជោ ហ៊ុន សែន តាមរយៈ Facebook ផ្លូវការរបស់សម្តេច នៅយប់ថ្ងៃអាទិត្យ ទី០៣ ខែមករា ឆ្នាំ២០១៦ នេះ បានឲ្យដឹងថា អតីតមិត្តរួមអាវុធរបស់សម្តេច គឺលោក ញ៉ឹក ហួន មានជំងឺជាទម្ងន់។ ក្រោយទទួលបានដំណឹងនេះសម្តេចតេជោ បានចុះសួរសុខទុក្ខលោក ញឹក ហួន ដល់គេហដ្ឋានភ្លាមៗផងដែរ។ ជាមួយការចុះសួរសុខទុក្ខនេះ សម្តេចតេជោ បានលើកទឹកចិត្តយុទ្ធមិត្តឲ្យខិតខំព្យាបាលជំងឺរបស់ខ្លួន។

សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា សម្តេចតែងនឹករលឹកជានិច្ចដល់យុទ្ធមិត្តរួមសមរភូមិ។ «ខ្ញុំតែងតែនឹករឮកនិងចងចាំជានិច្ច ចំពោះសហការី មិត្តរួមអាវុធទាំងអស់ដែលបានចូលរួមតស៊ូរំដោះប្រទេសពីរបបខ្មែរក្រហម ដូចជារូបលោក ញ៉ឹក ហួន ផ្ទាល់ដែលនៅក្រោយឆ្នាំ១៩៧០ បានចូលរួមតស៊ូនៅអង្គភាពជាមួយគ្នា។ នៅថ្ងៃទី ២០ មិថុនា ឆ្នាំ ១៩៧៧ គាត់បានរួមជាមួយខ្ញុំចាប់ផ្តើមវាយពួក ប៉ុលពត។  គាត់ក្លាយជាអ្នកចូលរួមកសាងកម្លាំងប្រដាប់អាវុធផ្តួលរំលំរបបខ្មែរក្រហម ហើយក៏បានក្លាយជាមេបញ្ជាការកងអនុសេនាធំមុនគេនៅពេលនោះ»

អ្វីដែលធ្វើឲ្យនាយករដ្ឋមន្ត្រីកម្ពុជា ដែលឆ្លងកាត់សមរភូមិរាប់ភ្លេចទប់ទឹកភ្នែកមិនបាននោះ យុទ្ធមិត្តរបស់សម្តេចម្នាក់នេះ បានស្រឡាញ់ជីវិត សម្តេចតេជោ ជាងជីវិតរបស់ខ្លួនជានិច្ច បើទោះបីពេលនេះធ្លាក់ខ្លួនឈឺធ្ងន់ ក៏យុទ្ធមិត្តផ្កាយមាសបួន ញឹក ហួន នៅតែទទួចឲ្យយុទ្ធមិត្តដទៃ ការពារសម្តេចតេជោជានិច្ច។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ថ្ងៃនេះពេលខ្ញុំទៅដល់ផ្ទះគាត់ នាយទាហានជាន់ខ្ពស់ដែលទៅសួរសុខទុក្ខបានប្រាប់ខ្ញុំថា គាត់មិនផ្តាំផ្ញើអ្វីច្រើនទេ គឺមានតែពាក្យថាត្រូវតែការពារ សម្តេច ហ៊ុន សែន ឱ្យបាន។ មានន័យថា ជីវិតគាត់មិនសំខាន់ជាងជីវិតខ្ញុំទេ ដូចដែលគាត់ បានធ្វើនៅយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៦ ពេលឆ្លងកាត់ចំការមីនជាប់ព្រំដែនកម្ពុជា វៀតណាម គឺគាត់ជាអ្នករាវរក និងដោះមីន មុននឹងឱ្យខ្ញុំដើរមួយជំហ៊ានៗម្តង។ ពេលនោះគាត់ក៏និយាយថា បើខ្ញុំស្លាប់ក៏ស្លាប់ចុះឱ្យតែបង ហ៊ុន សែន ឯងនៅរស់ដឹកនាំការតស៊ូរំដោះជាតិ។ របៀបនេះ តើឱ្យខ្ញុំទប់ទឹកភ្នែកម៉្តេចបាន»

ខាងក្រោមជាខ្លឹមសារទាំងស្រុង នៃសាររបស់សម្តេចតេជោ ដែលបង្ហោះលើ Facebook របស់សម្តេច៖

ខ្ញុំនឹករឮក និងចងចាំអតីតមិត្តរួមអាវុធទាំងអស់

នៅល្ងាចមិញនេះ ខ្ញុំបានទទួលដំណឹងតាម Facebook ខ្ញុំថាអតីតមិត្តរួមអាវុធ លោក ញ៉ឹក ហួន មានជំងឺជាទម្ងន់។ខ្ញុំបានចុះទៅសួរសុខទុក្ខគាត់ និងបានលើកទឹកចិត្តអោយ គាត់ទៅព្យាបាល នៅមន្ទីរពេទ្យ ទោះបីស្ថានភាពជំងឺបែបណាក៏ដោយ។ ចំពោះរូបខ្ញុំគឺតែងតែនឹករឮកនិងចងចាំជានិច្ចចំពោះសហការី មិត្តរួមអាវុធទាំងអស់ ដែលបានចូលរួមតស៊ូរំដោះប្រទេស ពីរបបខ្មែរក្រហម ដូចជារូបលោក ញ៉ឹក ហួន ផ្ទាល់ដែលនៅក្រោយឆ្នាំ ១៩៧០ បានចូលរួមតស៊ូនៅអង្គភាពជាមួយគ្នា។ នៅថ្ងៃទី ២០ មិថុនា ឆ្នាំ ១៩៧៧ គាត់បានរួមជាមួយខ្ញុំចាប់ផ្តើមវាយពួក ប៉ុល ពត ។ គាត់ក្លាយជាអ្នកចូលរួមកសាងកម្លាំងប្រដាប់អាវុធផ្តួលរំលំរបបខ្មែរក្រហម ហើយក៏បានក្លាយជាមេបញ្ជាការ កងអនុសេនា ធំមុនគេនៅពេលនោះ។ ជាបន្តបន្ទាប់ នៅពេលបង្កើតកងវរះសេនាតូច គឺគាត់ជាមេបញ្ជាការមុនគេ ។ក្រោយពេលរំដោះប្រទេសថ្ងៃ ៧ មករា ១៩៧៩ បង្កើតកងពលតូចលេខ១ ការពារភ្នំពេញ គាត់ជាមេបញ្ជាការដំបូងទៀត។

នៅពេលបង្កើតកងពលធំលេខ ១៩៦ គាត់ក៏ជាមេបញ្ជាការលើកដំបូងទៀត។ លោក ញឹក ហួន មានស្នារដៃច្រើនចំពោះជាតិ។ សព្វថ្ងៃលោក ញ៉ឹក ហួន ជាឧត្តមសេនីយ៍ផ្កាយមាសបួន មានមុខងារជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។

ថ្ងៃនេះពេលខ្ញុំទៅដល់ផ្ទះគាត់ នាយទាហានជាន់ខ្ពស់ដែលទៅសួរសុខទុក្ខបានប្រាប់ខ្ញុំថា គាត់មិនផ្តាំផ្ញើអ្វីច្រើនទេគឺមានតែពាក្យថាត្រូវតែការពារ សម្តេច ហ៊ុន សែន ឱ្យបាន។ មានន័យថាជីវិតគាត់មិនសំខាន់ជាងជីវិតខ្ញុំទេ ដូចដែលគាត់បានធ្វើនៅយប់ ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ១៩៧៦ ពេលឆ្លងកាត់ចំការមីនជាប់ព្រំដែនកម្ពុជា វៀតណាម គឺគាត់ជាអ្នករាវរកនិងដោះមីនមុននឹងឱ្យខ្ញុំដើរមួយជំហ៊ានៗម្តង។ ពេលនោះគាត់ក៏និយាយថា បើខ្ញុំស្លាប់ក៏ស្លាប់ចុះឱ្យតែបង ហ៊ុន សែន ឯងនៅរស់ដឹកនាំការតស៊ូរំដោះជាតិ។ របៀបនេះតើឱ្យខ្ញុំទប់ទឹកភ្នែកម៉្តេចបាន។ ខ្ញុំបន់ស្រន់ឱ្យបង ញ៉ឹក ហួន បន្តការព្យាបាលបានឆាប់ជាសះស្បើយ។

បើទោះបីខ្ញុំនៅឆ្ងាយពីបងប្អូន ឬមិនបានជួបប្រាស្រ័យសន្ទនាដោយផ្ទាល់ គឺខ្ញុំតែងតែនឹករឮកដល់បងប្អូនអតីតមិត្តរួមអាវុធទាំងអស់។ តែគួរឲ្យសោកស្តាយដែលបងប្អូនមួយចំនួនក៏បានលាចាកលោក ហើយមួយចំនួនទៀតកំពុងរស់នៅ ដោយសុខសប្បាយជាមួយក្រុមគ្រួសារ។ ខ្ញុំនៅតែបន្តយកចិត្តទុកដាក់ចំពោះបងប្អូនជានិច្ច ទៅតាមលទ្ឋភាពជាក់ស្តែងដែលខ្ញុំអាចធ្វើបាន។

ខ្ញុំសូមជូនពរប្អូនអតីតមិត្តរួមអាវុធតស៊ូរំដោះជាតិទាំងអស់ សូមជួបតែសំណាងល្អ និងសេចក្តីសុខគ្រប់ពេលជានិច្ច៕