(ភ្នំពេញ)៖ ការផ្សព្វផ្សាយព័ត៌មាននៅលើ Facebook របស់សម្តេចអំពី «អតីតមិត្តរួមអាវុធរបស់សម្តេច គឺលោក ញ៉ឹក ហួន មានជំងឺជាទម្ងន់។ ក្រោយទទួលបានដំណឹងនេះសម្តេចតេជោ បានចុះសួរសុខទុក្ខលោក ញឹក ហួន ដល់គេហដ្ឋានភ្លាមៗផងដែរ។ ជាមួយការចុះសួរសុខទុក្ខនេះ សម្តេចតេជោ បានលើកទឹកចិត្តយុទ្ធមិត្តឲ្យខិតខំព្យាបាលជំងឺរបស់ខ្លួន។ ដោយសម្តេចតែងនឹករលឹកជានិច្ច ដល់យុទ្ធមិត្តរួមសមរភូមិជានិច្ច»។

ពាក់ព័ន្ធនឹងការផ្សាយដំណឹងនេះ គឺបានបង្ហាញការយកចិត្តទុករបស់សម្តេចតេជោ និងផ្តល់ជាកម្លាំងចិត្តដើម្បីជំរុញឲ្យព្យាបាលជំងឺឲ្យជាសះស្បើយ ប៉ុន្តែបែរជាមានក្រុមនិយមប្រឆាំងមួយចំនួន បានសរសេរ Comment រិះគន់វាយប្រហារយ៉ាងព្រហើន ប្រើសំដីអសុរោះគ្មានសីលធម៌ ចំពោះសម្តេចខុសកាលទេស ខុសពេលវេលា និងខុសប្រធានបទ។ (សូមមើល Comment)

ជាមួយនោះសម្តេចតេជោ ហ៊ុន សែន បាន Comment ឆ្លើយតបយ៉ាងធ្ងន់ៗថា៖ «បើក្មួយឆ្កួតក៏កុំឆ្លៀតឆ្កួតនៅ ពេលបែបនេះដែរ។ ដោយសារចរិតពាលទាំងមេទាំងកូនបែបនេះហើយ ទើបសង្គមទទួលយកមិនបាន។ បើទោះក្មួយប្រឆាំង ក៏គួរចេះរកពេលប្រឆាំងឱ្យសមស្របដែរ កុំធ្វើពាលដូចមេក្មួយ»

បន្ទាប់ពីមានការ Comment ធ្ងន់ៗទៅលើក្រុមនិយមប្រឆាំង, សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា៖ «ខ្ញុំសូមអរគុណ ជាពិសេសយុវជនដែលបានចូលរួមមតិយោបល់ ប្រកបដោយពាក្យសំដីល្អ សមរម្យដែលបង្ហាញឲ្យឃើញនូវគុណធម៌ និងសីលធម៌ខ្ពស់របស់ខ្មែរយើង។ ខ្ញុំពិតជាសោកស្តាយដែលបានឃើញយុវជនភាគច្រើន មកពីគណបក្សប្រឆាំងបានប្រើសំដីអសុរោះគ្មានសីលធម៌ សូម្បីតែខ្ញុំបានទៅផ្តល់កម្លាំងចិត្តដល់អតីតមិត្តរួមអាវុធ ដែលកំពុងមានជំងឺជាទម្ងន់ ក៏ពួកគេឆ្លៀតវាយប្រឆាំងប្រមាថមកលើខ្ញុំដែរ។ ខ្ញុំសង្ឃឹមថា យុវជននឹងប្រើប្រាស់ពាក្យសំដីបានល្អ សមរម្យថ្លៃថ្នូរនៅពេលមកកាន់ទំព័រខ្ញុំ។ ចំពោះការប្រមាថធ្ងន់ធ្ងរមួយចំនួន ដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្ថៃថ្នូររបស់ខ្ញុំ គឺពិតជាមិនអាចទទួលយកបានឡើយ»

ប្រជាពលរដ្ឋមួយចំនួន ដែលលេង Facebook បានសរសេរឲ្យដឹងថា ក្រុមអ្នកនិយមប្រឆាំង សូមប្រឆាំងឲ្យចំពេលវេលា និងកាលទេសផង ព្រោះថាគ្រាន់តែសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅសាកសួរសុខដល់អតីតមិត្តរួមអាវុធរបស់សម្តេចសោះ ក៏ត្រូវរងការរិះគន់ ប្រើសំដីអសុរោះគ្មានសីលធម៌ដែរ​ នេះពិតជាបង្ហាញពីទង្វើខ្វះការយល់ដឹង និងសេចក្តីថ្លៃថ្នូរ៕

សូមចូលមើល Comment ជាច្រើនទៀត នៅលើ Facebook របស់សម្តេចតេជោ ហ៊ុន សែន៖ សូមចុចទីនេះ->