(ភ្នំពេញ)៖ មិត្តដែកថែបរបស់កម្ពុជា គឺមហាយក្សចិនបានប្រកាសថា ខ្លួននឹងធ្វើការជាមួយកម្ពុជាយ៉ាងស្អិតល្មួត ដើម្បីប្រយុទ្ធនិងយកឈ្នះលើជំងឺកូវីដ១៩ (COVID-19) ដែលពិភពលោកកំពុងខ្លាចរអា។
ការប្រកាសប្តេជ្ញាជួយកម្ពុជាប្រយុទ្ធនឹងជំងឺកូវីដ១៩ បានធ្វើឡើងដោយលោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន ក្នុងសន្និសីទព័ត៌មាននាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ។ ការប្រកាសបានធ្វើឡើង បន្ទាប់ពីក្រុមគ្រូពេទ្យជំនាញ និងសម្ភារៈវេជ្ជសាស្ត្ររបស់ចិន ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជា។
ឆ្លើយនឹងសំណួររបស់អ្នកព័ត៌មានពាក់ព័ន្ធការបញ្ជូនគ្រូពេទ្យ និងសម្ភារៈវេជ្ជសាស្ត្រនេះ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន បានរំលឹកពីសមានចិត្តរបស់កម្ពុជា បន្ទាប់ពីជំងឺ COVID-19 បានផ្ទុះឡើងដំបូងនៅប្រទេសចិន។ លោក Geng Shuang បានរំលឹកថា ក្រោយពេលចិនផ្ទុះឡើងនូវជំងឺកូវីដ១៩នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានផ្ញើព្រះរាជលិខិតជូនប្រធានាធិបតីចិនលោក ស៉ី ជិនពីង ដើម្បីបង្ហាញទឹកព្រះទ័យអាណិតអាសូរដល់ប្រជាជនចិន ក៏ដូចជាបានផ្តល់ជំនួយជាថវិកាមួយចំនួនផងដែរ។
លោក Geng Shuang រំលឹកទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើទស្សនកិច្ចប្រទេសចិនភ្លាមៗ ដើម្បីបង្ហាញពីភាពជឿជាក់ និងគាំទ្រចំពោះភាគីចិនជានិច្ច ក្នុងគ្រាដែលប្រជាជនចិនកំពុងជួបទុក្ខលំបាក។ បន្ថែមពីនោះប្រជាជនកម្ពុជាមកពីគ្រម់មជ្ឈដ្ឋានបានបរិច្ចាគថវិកា និងសម្ភារៈបរិក្ខា ដល់ប្រទេសចិន ដើម្បីចូលរួមលើកទឹកចិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ពេលនេះជាពេលដែលចិនជួយកម្ពុជាវិញម្តង។ លោក Geng Shuang បានបញ្ជាក់ដូច្នេះ «ឥឡូវនេះ នៅពេលដែលប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងការងារដ៏លំបាក ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះវិញម្តង ប្រទេសចិនបានប្តេជ្ញាចិត្តដោយមិនរារែកថា នឹងជួយកម្ពុជាឱ្យអស់សមត្ថភាព និងគ្រប់មធ្យោបាយទាំងអស់ដែលអាចធ្វើទៅបាន»។
លោកបន្ថែមថា «នេះមិនត្រឹមតែជាការបង្ហាញពីទំនាក់ទំនងដ៏ពិសេសរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ តែថែមទាំង បានបង្ហាញពីភាពសាកសមសម្រាប់មិត្តភាពដែកថែប ដែលមានអនាគតរួមគ្នាផងដែរ។ ប្រទេសចិន នឹងបន្តធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីយកឈ្នះលើជំងឺរាតត្បាតសកល ហើយនិងចូលរួមចំណែកដល់សន្តិសុខសុខភាពសាធារណៈក្នុងតំបន់ទាំងមូលផងដែរ»។
កម្ពុជា ជាដែនដីមួយក្នុងចំណោមដែនដីប្រមាណ១៩៥នៅលើពិភពលោក ដែលបានរងការរាតត្បាតដោយជំងឺកូវីដ១៩ផងដែរ។ មកដែលដល់ត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ មានរាជធានី-ខេត្ត ចំនួន១៣ របស់ប្រទេសកម្ពុជា បានរងការរាតត្បាតដោយជំងឺកូវីដ១៩ ហើយមនុស្សសរុប ៨៧នាក់ ស្រី២២នាក់ ប្រុស ៦៥នាក់ បានឆ្លងមេរោគនេះ។ អ្នកឆ្លងនេះរួមមាន៖ ជនជាតិចិន ១នាក់, អង់គ្លេស ៣នាក់, កាណាដា ១នាក់, ប៊ែលហ្សិក ១នាក់, បារាំង ៣៤នាក់ មានទារកអាយុ៤ខែ១នាក់, ម៉ាឡេស៊ី ១២នាក់ និងខ្មែរ ៣៥នាក់។ ក្នុងចំណោមអ្នកឆ្លង ៨៧នាក់នេះ បានព្យាបាលឱ្យជាសះស្បើយចំនួនពីរនាក់ រួមមានបុរសជនជាតិចិន និងស្ត្រីជនជាតិអង់គ្លេស។
មកដល់ពេលបច្ចុប្បន្នកម្ពុជា បាននឹងកំពុងធ្វើសកម្មភាព ព្រមទាំងដាក់ចេញវិធានការជាច្រើន ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ។ រដ្ឋាភិបាលចិន ដែលត្រូវបានគេប្រសិទ្ធនាមជាមិត្តដែកថែបរបស់កម្ពុជានោះ ក៏បានចូលខ្លួនជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះផងដែរ។
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យជំនាញរបស់ចិនចំនួន៧នាក់ បានបញ្ជូនមកដល់ប្រទេសកម្ពុជា ដើម្បីធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា។ ក្រៅពីក្រុមគ្រូពេទ្យជំនាញទាំង៧រូបហើយនោះ សម្ភារៈ បរិក្ខាពេទ្យមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩ ក៏ត្រូវបានចិនបញ្ជូនមកដល់កម្ពុជាផងដែរ។
សម្ភារៈវេជ្ជសាស្រ្តដែលរដ្ឋាភិបាលចិនផ្តល់ជូនកម្ពុជារួមមាន៖ ស្រោមដៃ ចំនួន៧០០០ ម៉ាសវ៉ះកាត់ ចំនួន ៥៨,០០០ ម៉ាសវេជ្ជសាស្រ្តចំនួន ៥៥,០០០ ម៉ាស N95 ចំនួន៥០០០ មួកចំនួន ១៨,៥០០ គម្របស្បែកជើង ចំនួន ១,៣០០ អាវអ៊ាម ចំនួន ១,៣០០ សម្លៀកបំពាក់សុវត្ថិភាពមន្រ្តីសុខាភិបាល ចំនួន១,២៥០ របាំងមុខវេជ្ជសាស្រ្ត ចំនួន២,៩៨៩ ទែម៉ូម៉ែត្រវាស់កំដៅប្រើអ៉ីនហ្វ្រារ៉េត ចំនួន៥០ វ៉ែនតាសុវត្ថភាពចំនួន ២,២៨០។
នៅលើប្រអប់សម្ភារៈវេជ្ជសាស្ត្រដែលចិនបញ្ជូនមកកម្ពុជា ត្រូវបានរំលេចជាមួយពាក្យស្លោកថា «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។ ពាក្យស្លោកនេះ ត្រូវបានគេវាយតម្លៃថា ជំនួយរបស់ចិនសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ បានផ្សារភ្ជាប់ជាមួយមនោសញ្ចេតនា និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅជាមួយប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ដូចដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើជាមួយប្រទេស និងប្រជាជនចិន ពេលរងការរាតដ្បាតខ្លាំងដោយជំងឺកូវីដនោះ។
សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យថ្នាក់ដឹកនាំ និងប្រជាជនចិន គោរពស្ញប់ស្ញែង និងស្រឡាញ់ពេញចិត្តយ៉ាងជ្រាលជ្រៅបំផុត ចំពោះកាយវិការរបស់សម្តេច ដែលបានចូលរួមជាមួយចិនប្រយុទ្ធនឹងជំងឺកូវីដ១៩ ពេលចិនរងការរាតត្បាតខ្លាំងកាលពីខែមករា និងខែកុម្ភៈ។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់កម្លាំងចិត្តយ៉ាងធំធេងដល់រដ្ឋាភិបាល និងប្រជាជនចិន តាមរយៈការរក្សាទំនាក់ទំនងជាមួយចិន ការផ្តល់សារលើកទឹកចិត្ត និងបានទស្សនកិច្ចនៅប្រទេសចិននៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ខណៈមានប្រទេសលើពិភពលោកគេខ្លាចរអាចំពោះចិន ព្រោះតែជំងឺកូវីដ១៩នេះ។
កាយវិការប្រកបដោយមនោសញ្ចេតនារបស់សម្តេចតេជោ ហ៊ុន សែន ចំពោះប្រទេស និងពលរដ្ឋចិន ធ្វើឱ្យប្រជាពលរដ្ឋចិនប្រសិទ្ធនាមឱ្យសម្តេចជា «មេដឹកនាំដ៏សង្ហាដើរបញ្ច្រាសគេ»៕