(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ កុំចាកចេញពីផ្ទះប្រសិនបើគ្មានការចាំបាច់ ដើម្បីការពារកុំឱ្យឆ្លងកូវីដ១៩។ ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជួបសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រមាណជាង៤០០នាក់ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «អំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើង កុំធ្វើដំណើរចេញក្រៅប្រសិនមិនមានការចាំបាច់ នៅលេងជាមួយប្រពន្ធកូននៅផ្ទះទៅ»។ សម្តេចបានបន្តថា៖ «បើគ្មានការចាំបាច់ គឺមិនចាំបាច់ចេញទៅណាទេ វាចំណេញទី១ គឺចំណេញការងារអត់ឱ្យរោគចូលផ្ទះយើងបាន ទី២៖ចំណេញសាំងឡាន សាំងម៉ូតូ ផ្អាកមួយរយៈទៅ ទម្រាំដល់សភាពការស្ងាត់មិនទាន់យឺតពេលទេ»។
គិតរហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩៣នាក់ (ជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥៨នាក់ ក្នុងចំណោមនោះ ក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់។ ជនជាតិបារាំង២នាក់ថ្មីទៀតនៅខេត្តព្រះសីហនុ ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺនេះ ដោយក្នុងនោះមានការអនុវត្តវិស្សមកាលមុនការកំណត់ ការបិទក្លឹបកម្សាន ខារ៉ាអូខេ រង្គសាល រោងភាពយន្ត សារៈមន្ទីរនានាជាដើម៕