(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសថា រាជរដ្ឋាភិបាលគ្មានផែនការបិទផ្សារ អាហាដ្ឋាន ហាងកាហ្វេ និងរោងចក្រនោះឡើយ ប៉ុន្ដែត្រូវបង្កើនអនាម័យ នៅកន្លែងនោះ។
ការប្រកាសបែបនេះបានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រយុទ្ធប្រឆាំងជំងឺ COVID-19 ប្រមាណ៤០០នាក់ មុននឹងពួកគេចេញបេសកកម្ម ជាមួយក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលគ្មានផែនការបិទទីផ្សារលក់ដូរ ភោជនីយដ្ឋាន ហាងកាហ្វេ ពិសេសរោងចក្រ។ រាជរដ្ឋាភិបាល នៅតែប្រារព្ធពិធីបុណ្យចូលឆ្នាំ តែហាមការជួបជុំមនុស្សច្រើន យកល្អសប្បាយតាមគ្រួសារ តាមផ្ទះរៀងៗខ្លួន»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានរម្លឹកដល់អាជ្ញាធរមូលដ្ឋានផងដែរថា រាជរដ្ឋាភិបាលបិទតែកន្លែងក្លឹបកម្សាន្ដ ខារ៉ាអូខេ រង្គសាល រោងភាពយន្ត សារមន្ទីរនានា តែប៉ុណ្ណោះ ប៉ុន្ដែមានមន្ដ្រីថ្នាក់ក្រោមខ្លះ បានធ្វើលើសពីការណែនាំ។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រជាពលរដ្ឋ សូមកុំប្រើអបីយជំនឿបណ្តេញជំងឺ Covid-19 ដូចជា ការអុចភ្លើងជាដើម ពីព្រោះវា អាចបង្កនូវហានិភ័យខ្ពស់។ សម្តេចតេជោ អំពាវនាវសូមឲ្យអាជ្ញាធរ ចុះចែកម៉ាស់ ឬក្រមារ ឲ្យប្រជាពលរដ្ឋតាមបណ្តាខេត្ត បើអាចធ្វើបាន។
គូសបញ្ជាក់ថា ចាប់តាំងពីមានការផ្ទុះរីករាលដាលជំងឺ Covid-19 មានជនអនាមិកមួយចំនួន បានព្យាយាមផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ តាមបណ្ដាញសង្គម ដើម្បីបង្កឲ្យមានការចលាចល និងបង្កឲ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋ។
កន្លងទៅ សមត្ថកិច្ចក៏បានចាប់ខ្លួនជនមួយចំនួន ដែលបង្កើតសារសំឡេងដែលប្រឌិតព័ត៌មាន យកមកអប់រំ និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។
រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺកូវីដ សរុប៩៣នាក់ ដែលក្នុងនោះ មានជនបរទេស៣៥នាក់ និងជនបរទេស៥៦នាក់។ ទោះជាយ៉ាងនេះក្តី រហូតមកដល់ពេលនេះ ក៏មានអ្នកជំងឺ៦នាក់ផងដែរ ត្រូវបានព្យាបាលជាសះស្បើយ ដោយក្នុងនោះ មានជនជាតិខ្មែរ៤នាក់ និងជនបរទេស២នាក់៕