(ភ្នំពេញ)៖ ក្នុងមួយឆ្នាំៗ មានរឿងក្តីប្រហែល ១ម៉ឺនសំណុំរឿង ត្រូវបានដោះស្រាយ ដោយសាលាដំបូងរាជធានីភ្នំពេញ ខណៈរឿងក្តីចូលថ្មីមានប្រហែល ១ម៉ឺនសំណុំរឿងផងដែរ។ នេះបើតាមការបញ្ជាក់របស់ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងយុត្តិធម៌» នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នាទីស្ដីការគណៈរដ្ឋមន្ដ្រី លោក ជិន ម៉ាលីន បានបង្ហើបថា ក្រសួងយុតិ្តធម៌គ្រោងនឹងបង្កើតយុទ្ធនាការ៦ខែ នៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដោះស្រាយរឿងដែលកកស្ទះជារៀងរាល់ឆ្នាំ ដែលមានប្រហែល ១ម៉ឺនសំណុំរឿងនោះ។ លោកអះអាងថា បើសិនជាយុទ្ធនាការ៦ខែនេះ ដំណើរការទៅដោយជោគជ័យ យុទ្ធនាការនេះក៏នឹងត្រូវដាក់ឲ្យអនុវត្តន៍ តាមសាលាដំបូងខេត្តនីមួយៗផងដែរ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគ្រាន់តែបង្ហើបខ្លីទេ យុទ្ធនាការខ្លីរយៈពេល៦ខែនេះ នឹងអនុវត្តន៍សាកល្បងនៅសាលាដំបូងរាជធានីភ្នំពេញ ពីព្រោះថាសំណុំរឿងដែលកកស្ទះច្រើនមែនទែន គឺនៅភ្នំពេញតែម្តង។ បើដោះបានរឿងកកស្ទះនៅសាលាដំបូងរាជធានីភ្នំពេញហ្នឹង គឺហាក់បីដូចជាដោះបានទូទាំងប្រទេស ព្រោះសំណុំរឿងភាគច្រើនបុកមកនៅកន្លែងហ្នឹង»។
លោកបន្តថា «ជាតួលេខដែលយើងទទួលបាន គឺថាក្នុងមួយឆ្នាំៗ សមត្ថភាពរបស់តុលាការយើងនៅភ្នំពេញ អាចដោះស្រាយបានប្រហែលជា ១ម៉ឺនសំណុំរឿង ក៏ប៉ុន្តែសំណុំរឿងដែលចូលថ្មីមកក៏ប្រហែល ១ម៉ឺនសំណុំរឿងដែរ។ អ៉ីចឹងបានន័យថា នៅក្នុង១ឆ្នាំដោះស្រាយបាន ១ម៉ឺនសំណុំរឿង ហើយសំណុំរឿងចូលថ្មី ១ម៉ឺនសំណុំរឿង វានឹងក្លាយទៅជាសំណុំរឿងចាស់ ដែលត្រូវដោះស្រាយនៅឆ្នាំក្រោយ»។
សូមបញ្ជាក់ថា បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះ ធ្លាប់បានអះអាងនៅក្នុងសន្និសីទមួយ របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយបញ្ជាក់ឲ្យដឹងថា នៅប្រទេសកម្ពុជាយើងសព្វថ្ងៃ មានសាលាដំបូងចំនួន២៤ ទូទាំងរាជធានី-ខេត្ត។ ដោយឡែក ខេត្តកែប នៅមិនទាន់មានសាលាដំបូងទេ ហើយរឿងក្តីនានា ត្រូវបានបញ្ជូនឲ្យដោះស្រាយ នៅសាលាដំបូងខេត្តកំពត។
លោក ជិន ម៉ាលីន ធ្លាប់ប្រាប់បណ្តាញព័ត៌មាន Fresh News ក្រសួងយុត្តិធម៌កំពុងរៀបចំគម្រោងហិរញ្ញវត្ថុ, ធនធានមនុស្ស មានដូចជា ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីរដ្ឋបាល ហើយប្រសិនបើគម្រោងទាំងពីរនេះ ដំណើរការទៅដោយរលូន សាលាដំបូងខេត្តកែប អាចនឹងត្រូវបង្កើតឡើង នៅឆ្នាំ២០២០។ ទាក់ទងនឹងបទដ្ឋានគតិយុត្តិ លោកបន្តថា ការបង្កើតសាលាដំបូង នៃខេត្តណាមួយ ត្រូវធ្វើឡើយដូចមានចែងនៅក្នុងច្បាប់ស្តីពី «ការបង្កើតអង្គការតុលាការ»៕