(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំ ស្តីពី ការអនុវត្តវិធានការ ឆ្លើយតបជាបន្ទាន់ របស់កម្មវិធី និងគម្រោងអភិវឌ្ឍន៍នានា ក្នុងបរិបទនៃការរាតត្បាតជាសកល នៃជំងឺកូវីដ ១៩ (Covid 19)។

សេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា ការរីករាលដាលយ៉ាងឆាប់រហ័ស នៃស្ថានភាពជំងឺកូវីដ១៩ នៅទូទាំងសកលលោក និងក្នុងតំបន់ ដែលអាចនឹងនាំឲ្យមានផលប៉ះពាល់ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករ នៅឯទីជនបទ។

ឆ្លើយតបទៅនឹងបញ្ហានេះ ក្រសួងកសិកម្ម សូមធ្វើការណែនាំដល់ លោក លោកស្រី ជានាយកកម្មវិធី ឬគម្រោងអភិវឌ្ឍន៍នានា ប្រធានអង្គភាពក្រោមឱវាទ និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត ឱ្យអនុវត្តជាបន្ទាន់នូវវិធានការចាំបាច់មួយចំនួនដូចខាងក្រោម៖

១៖ ត្រូវអនុវត្តនូវសកម្មភាពចាំបាច់ ក្នុងស្ថានភាពបន្ទាន់ជាការឆ្លើយតប ដើម្បីបង្កើនផលិតកម្មស្បៀង ប្រកបដោយគុណភាព និងសុវត្ថិភាព សំដៅរួមចំណែក បង្កើននូវឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅជនបទ ក៏ដូចជាពលករដែលទើបតែត្រឡប់ពីបរទេសវិញ។

ក្នុងន័យនេះ ត្រូវពិនិត្យសកម្មភាពឆ្លើយតបបន្ទាន់ក្នុងគម្រោង ដើម្បីដោះស្រាយបញ្ហាទឹក ដោយការប្រើប្រព័ន្ធសន្សំសំចៃទឹក ការជួយជីកនិងស្តារស្រះ ត្រពាំង និងអណ្តូងជាដើម ការអប់រំបណ្តុះបណ្តាល ណែនាំផ្សព្វផ្សាយអំពីបច្ចេកទេស ការអនុវត្តកសិកម្មល្អ (GAP) និងការធ្វើហិរញ្ញប្បទាន ដល់ប្រជាកសិករ តាមគ្រប់រូបភាពសំដៅដល់ការបង្កើតកសិដ្ឋានថ្មីៗ ព្រមទាំងគាំទ្រ និងពង្រីកទំហំផលិតកម្មស្បៀងដែលឆាប់ផ្តល់ផល -ល-។

២៖ ត្រូវពិនិត្យខ្ទង់ថវិកា ដែលអាចយកមកអនុវត្តសកម្មភាពឆ្លើយតបជាបន្ទាន់ ពន្លឿនការអនុវត្តកម្មវីធី និងសកម្មភាពទូទាត់ថវិកា ឲ្យបានទាន់ពេលវេលា និងកាត់បន្ថយនូវរាល់ចំណាយ ដែលមិនចាំបាច់នានា។

៣៖ ស្នើសុំបន្ធូរបន្ថយ លើលក្ខខណ្ឌតម្រូវនៃការស្នើសុំថវិកាបុរេប្រទានគម្រោង ការសម្រួលនីតិវិធីលទ្ធកម្ម និងការធ្វើវិភាជន៍ថវិកា ដើម្បីមានលទ្ធភាពពេញលេញ ក្នុងការអនុវត្តការងារដែលកំពុងតែចាំបាច់។

៤៖ ត្រូវជំរុញដល់អង្គភាព និងភាគីពាក់ព័ន្ធដែលបានទទួលហិរញ្ញប្បទាន ពីគម្រោងឲ្យមានវិធានការផ្សព្វផ្សាយ និងពង្រីកទីផ្សារលក់ផលិតផល ឲ្យកាន់តែមានភាពសកម្ម និងខ្លាំងក្លាជាងមុន។

ក្រសួងកសិកម្ម បានបញ្ជាក់ទៀតថា ទទួលបានសេចក្តីណែនាំនេះ សូមលោក លោកស្រី ជានាយកកម្មវិធី ឬគម្រោងអភិវឌ្ឍន៍ ប្រធានអង្គភាពក្រោមឱវាទ និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត ត្រូវសហការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់ក្រសួងកសិកម្ម៖