(ភ្នំពេញ)៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ខាងផ្នែក ICT កំពុងសហការគ្នាជាធ្លង់មួយលើគំនិតផ្តួចផ្តើម ដើម្បីជួយការពារអតិថិជនរបស់ខ្លួន និងធានាថាប្រជាជនមុខជំនួញ អាជីវកម្ម និងមន្ទីរទាំងអស់ រក្សាបានទំនាក់ទំនង សុវត្ថិភាព និងការផ្តល់ព័ត៌មានដែលជាក់លាក់ ក្នុងអំឡុងពេលមួយដ៏លំបាក និងមិនស្ថិតស្ថេរនេះ។

ការឆ្លើយតបរួមគ្នារួមមាន៖ ការផ្តល់នូវភាពសំបូរបែប ជាមួយអត្ថប្រយោជន៍ច្រើន ល្បឿនអ៊ីនធើណិតលឿន ការបន្ថែមកម្រិតសេវាកម្ម ដែលជាការជំរុញជាសកល សម្រាប់ការទូទាត់ប្រតិបត្តិការ តាមអ៊ិនធើណិត ក៏ដូចជាការគាំទ្រដល់ក្រសួងសុខាភិបាល លើការប្រកាសជាសាធារណៈ និងការផ្សាយផ្ទាល់ និងកម្មវិធីអប់រំ សម្រាប់សិស្ស និស្សិត។

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដឹកនាំការឆ្លើយតបរួមគ្នា ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ដើម្បីធានាថា ក្រុមហ៊ុនរបស់លោកកំពុងធ្វើអ្វីគ្រប់យ៉ាង តាមដែលអាចធ្វើទៅបាន ដើម្បីរក្សាព្រះរាជាណាចក្រកម្ពុជា ឲ្យនៅមានភ្ជាប់ទំនាក់ទំនង ហើយនិងឆ្លើយតប តម្រូវការប្រចាំថ្ងៃរបស់អតិថិជន។

កិច្ចការនេះ ចាប់ផ្តើមឡើងបន្ទាប់ពីការបរិច្ចាគថវិកា របស់អ្នកឧកញ៉ា កាលពីសប្តាហ៍មុន ដែលមានចំនួនរហូតដល់៥០ម៉ឺនដុល្លារអាមេរិក ជូនដល់រដ្ឋាភិបាល ដើម្បីគាំទ្រដល់វិបត្តិនេះ និងការបរិច្ចាគរម៉ាស ទឹកលាងសម្អាតដៃ និងឧបករណ៍វាស់កំដៅ ជូនទៅដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីការពារ បុគ្កលិក មន្រ្តីរាជការ អំឡុងពេលពួកគាត់បន្តប្រតិបត្តិការ។

សប្តាហ៍នេះដែរ សែលកាត បានប្រកាសដោយដាក់ចេញ នូវគម្រោងសែលកាត ហ័្វរយូ (CELLCARD 4U) ដែលផ្តល់អត្ថប្រយោជន៍ ដល់អតិថិជនក្នុងការរក្សាទុក សមតុល្យដែលមិនបានប្រើប្រាស់ ហើយបន្ថែមលើការផ្តល់ជូន រៀងរាល់សប្តាហ៍ទី៤ដោយឥតគិតថ្លៃ។

គម្រោងថ្មីនេះ ធ្វើឡើងនៅពេលដែលក្រុមហ៊ុនសែលកាត បង្កើនកម្រិតសេវាកម្មរបស់ខ្លួន ដោយពន្យាម៉ោងបំរើសេវាកម្ម ដល់អតិថិជនរបស់ខ្លួន និងផ្តល់ជូនស៊ីមកាត ដោយឥតគិតថ្លៃ ដល់អ្នកដែលមិនអាចទៅដល់ហាង ឬបណ្តាសាខាចែកចាយ របស់ក្រុមហ៊ុនបាន។

អ៊ីហ្ស៊ីខម ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធើណិតឈានមុខគេនៅកម្ពុជា ក៏កំពុងបង្កើនល្បឿនអ៊ីនធឺណេតទ្វេដង ដល់អតិថិជនដែលមានស្រាប់ ដោយមិនគិតថ្លៃរយៈពេលបីខែ ហើយលើកទឹកចិត្តអតិថិជន ឲ្យធ្វើការទូទាត់តាមអ៊ិនធើណេត ដើម្បីសុវត្ថិភាពរបស់អតិថិជន និងនិយោជិក។

វីង ក៏បានផ្តល់ឲ្យប្រជាជនកម្ពុជាគ្រប់រូប អាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ ដោយឥតគិតថ្លៃតាមរយៈកម្មវិធីស្មាតហ្វូនវីងរបស់ពួកគាត់។

ក្រុមហ៊ុនលំដាប់ថ្នាក់លេខ១ ក្នុងការផ្ទេរប្រាក់ បាននឹងកំពុងតស៊ូយ៉ាងស្វិតស្វាញ លើសេវាទូទាត់តាមអ៊ិនធើណិត សម្រាប់តម្រូវការប្រចាំថ្ងៃ និងកំពុងពង្រីកភ្នាក់ងារ អាជីវកររបស់ខ្លួនជារៀងរាល់ថ្ងៃ ដើម្បីផ្តល់ជូនអតិថិជននូវភាពងាយស្រួលដូចជាការទិញទំនិញតាមអនឡាញ ការដឹកជញ្ជូនអាហារ ភេសជ្ជះ ការទូទាត់ថ្លៃប្រើប្រាស់ និងការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ។

ក្រុមការងារកំពុងធ្វើការដើម្បីធានាថា ភ្នាក់ងាររបស់ពួកគាត់ គឺត្រៀមលក្ខណៈគ្រាន់ក្នុងការ បំរើសេវាផ្ទេរសាច់ប្រាក់ តាមពេលវេលាជាក់ស្តែង ដែលបំរើការជាមួយធនាគារឈានមុខគេ និងស្ថាប័នហិរញ្ញវត្ថុ ដែលប្តេជ្ញាធ្វើការក្នុងអំឡុងវិបត្តិនេះ។

ក្រុមហ៊ុន ស៊ី ប៊ី អេស ដែលជាស្ថានីយទូរទស្សន៍ផ្សព្វផ្សាយ កំពុងធ្វើការជាមួយក្រសួងសុខាភិបាលជារៀងរាល់ថ្ងៃ ដើម្បីផ្សព្វផ្សាយព័ត៌មាន និងផ្តល់ការផ្សាយបន្តផ្ទាល់ រាល់សន្និសីទសារព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម តាមបណ្តាញទូរទស្សន៍ CNC CTN និងទំព័រហ្វេសប៊ុក CBS ទាំងអស់។

ដើម្បីគាំទ្រ ដល់សិស្សដែលបញ្ចប់ថ្នាក់ សេវាកម្មទូរទស្សន៍តាមអ៊ិនធើណិត ឌីជីថលស្កាយ របស់រ៉ូយ៉ាល់គ្រុប បានបង្កើតប៉ុស្តិ៍ទូរទស្សន៍ថ្មី ដើម្បីចាក់ផ្សាយកម្មវិធីសិក្សា ដោយខ្លួនឯង។

ជាដំបូង កម្មវិធីនេះ នឹងចាប់ផ្តើមបើកដំណើរការក្នុងសប្តាហ៍នេះ សម្រាប់សិស្សថ្នាក់ទី១២ ហើយក្រុមហ៊ុនគ្រោងនឹងពង្រីកសេវាកម្មឥតគិតថ្លៃ ដល់សិស្សដទៃទៀត នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

អ្នកឧកញ៉ា គិត ម៉េង កំពុងធានាថា ក្រុមហ៊ុនផ្នែក ICT មានក្រុមបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដែលរង់ចាំបំរើការដែលធានា លើការពង្រីកម៉ោងសេវាកម្ម លើអតិថិជនទាំងអស់របស់ខ្លួន។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា «ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នឹងឈរជើងសំរាប់អតិថិជន និងនិយោជិករបស់ពួកយើង នៅពេលដែលខ្លួន នៅតែបន្តធ្វើការ ជាមួយរដ្ឋាភិបាល ដើម្បីធានាបាននូវការតភ្ជាប់ព័ត៌មាន និងវិធីសាស្រ្តសុវត្ថិភាព ក្នុងការធ្វើប្រតិបត្តិការ និងធ្វើការរយៈពេល២៤ម៉ោង ទូទាំងប្រទេស»