(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានជូនដំណឹងដល់ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ឲ្យដឹងថា ក្នុងស្ថានភាពនៃការរាលដាលនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលថៃ បានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ដោយមិនអនុញ្ញាតឲ្យធ្វើដំណើរ ឆ្លងកាត់តាមច្រកព្រំដែនកម្ពុជា-ថៃ នោះទេ ដែលជាហេតុធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួន ប្រឈមនឹងការផុតសុពលភាពស្នាក់នៅ និងប័ណ្ណអនុញ្ញាតការងារ។
សេក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងបន្ថែមថា ចំពោះពលរដ្ឋខ្មែរ ដែលទិដ្ឋការស្នាក់នៅ និងបណ្ណអនុញ្ញាតការងារអស់សុពលភាព ក្រសួងការងារថៃនឹង៖
១៖ បន្តឲ្យស្នាក់នៅជាបណ្តោះអាសន្ន ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដោយលើកលែងការផាកពិន័យលើការស្នាក់នៅលើសកំណត់ (Over Stay) ។
២៖ ក្នុងករណីពលករខ្មែរត្រូវការធ្វើការបន្ត ត្រូវឲ្យនយោជកបញ្ជូនបញ្ជីឈ្មោះ ទៅក្រសួង ឬមន្ទីរការងារក្រុង/ខេត្ត តាមរយៈប្រព័ន្ធអនឡាញឲ្យបានរួចរាល់ ត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដើម្បីបន្តធ្វើការជាបណ្តោះអាសន្នបានរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។
ក្នុងករណីមានបញ្ហា សូមទាក់ទងស្ថានទូតតាមរយៈហ្វេសប៊ុក ឬទូរស័ព្ទលេខ 094 092 5905៕